កំពង់ឆ្នាំង៖មុខរបររកស៊ីខ្វៃជ្រូកក្នុងពេលសែនជូនដូនដូនតានាថ្ងៃចូលឆ្នាំចិនយួន បានកាក់កបណាស់ ក្នុងឆ្នាំនេះដោយសារអតិថិជនកាម៉ង់ច្រើនព្រោះតែប្រជាពលរដ្ឋខ្មែរកាត់ចិនមានជីវភាពធូរធា ចំណែកតម្លៃជ្រូកខ្វៃនៅក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះមានតម្លៃនឹងដដែល គឺ១គីឡូ៤ម៉ឺនរៀល។
លោក កាំង ហ៊ុយណាំ អាយុ៧៩ឆ្នាំ ជាជនជាតិខ្មែរកាត់ចិន ប្រកបមុខរបរខ្វៃជ្រូកជាង២០
ឆ្នាំមកហើយរស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះបាននិយាយអោយដឹងថា៖ឆ្នាំនេះមុខរបរខ្វៃជ្រូករបស់គាត់បានកាក់កបណាស់ដោយសារមានអតិថិជនមកកាម៉ង់ទិញជ្រូកខ្វៃច្រើន ដើម្បីយកទៅសែនជូនដូនតាក្នុងថ្ងៃចូលឆ្នាំចិនថ្ងៃទី១៨ ខែកុម្ភៈ នេះមានចំនួនច្រើនជាងឆ្នាំមុន។
លោក ហុង វាសនា ជាកូនប្រុសលោក កាំង ហ៊ុយណាំ ជាអ្នកជួយគ្រប់គ្រងការងារខ្វៃជ្រូក
របស់ឪពុកបានអោយដឹងថា៖ឆ្នាំមុនក្នុងថ្ងៃសែនចូលឆ្នាំចិន លោកទទួលខ្វៃជ្រូករបស់អតិថិជនបានចំនួនជាង៨០ក្បាលតែប៉ុណ្ណោះ ចំណែកឆ្នាំនេះលោកទទួលការកាម៉ង់ខ្វៃជ្រូកជាង១០០ក្បាលគឺកើនជាងឆ្នាំមុន។ចំណែកតម្លៃជ្រូកខ្វៃមានតម្លៃដូចឆ្នាំមុនដែរ និងមានតម្លៃ២ប្រភេទគឺ៖ជ្រូកខ្វៃ២០គីឡូចុះថ្លៃ៤ម៉ឺនរៀលក្នុង១គីឡូ ជ្រូកខ្វៃ២០គីឡូឡើងទៅមានតម្លៃ៣ម៉ឺនរៀល ប៉ុន្តែភាគច្រើនគេនិយមកាម៉ង់យកជ្រូកតូចៗ២០គីឡូចុះ ព្រោះជ្រូកតូចៗ ខ្វៃទៅស្រួយល្អនិងមានឱជារសឆ្ងាញ់ជាងជ្រូ កធំៗ ចំណែកទាខ្វៃវិញក៏មានតម្លៃ១គីឡូ៤ម៉ឺនរៀលដែរ។
ដោយឡែកជ្រូកដែលអតិថិជនយកមកជួលអោយខ្វៃវិញ លោកយកថ្លៃឈ្នួលខ្វៃថ្លៃ១គីឡូជ្រូកស្រស់៥ពាន់រៀល ប៉ុន្តែឆ្នាំនេះលោកមិនហ៊ានទទួលជ្រូកជួលអោយខ្វៃច្រើនទេ ព្រោះជ្រូកដែលលោកទទួលពីអតិថិជនអោយខ្វៃមានចំនួនច្រើនហើយខ្លាចខ្វៃមិនទាន់អោយគេ។
ក្នុងការខ្វៃជ្រូកនេះលោកបានជួលកម្មករមកធ្វើការចំនួន៨នាក់បូករួមនិងកម្លាំងបងប្អូនក្នុង
គ្រួសារចំនួន៧នាក់ទៀតទើបអាចធ្វើកិច្ចការងារនេះបានទាន់ការកាម៉ង់របស់អតិថិជន។ការងាខ្វៃជ្រូកនេះត្រូវធ្វើចំនួន២ថ្ងៃពេញទាំងយប់ទាំងថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ព្រោះថាតាមប្រពៃណីចិនក្នុងក្រុមគ្រួសារដែលមានបងប្អូនស្លាប់ថ្មីៗគេត្រូវសែនក្នុងថ្ងៃទី១៧ ឯអ្នកសែនដូនតាធម្មតាគឺសែនក្នុងថ្ងៃទី១៨ ខែកុម្ភៈនេះ។
លោក ហុង វាសនា បានអោយដឹងទៀតថា៖មុខរបរខ្វៃជ្រូករបស់ឪពុកលោកមានអតិថិជនច្រើនបែបនេះ ដោយសារតែជ្រូកខ្វៃឪពុកលោកមានឱជារសឆ្ងាញ់ ការខ្វៃជ្រូកមានបទពិសោធន៍យូរឆ្នាំ បូកផ្សំនិងឡខ្វៃជ្រូកមានចំនួន៨ឡសមស្របតាមលក្ខណៈបច្ចេកទេសដែលដាក់ខ្វៃជ្រូកតែ១ម៉ោងកន្លះគឺឆ្អិនហើយ ទើបអាចទទួលរាប់រងការកាម៉ង់របស់ម៉ួយបានច្រើន បានទាន់ពេលវេ លានិងបានទាន់ចិត្ត។លោកបានបញ្ជាក់អោយដឹងទៀតថា៖ក្នុង១ឆ្នាំៗមុខរបរខ្វៃជ្រូករកបានតែ៣ដងទេគឺបុណ្យចូលឆ្នាំចិន បុណ្យឆេងម៉េង១៥ថ្ងៃ និងថ្ងៃសែនក្បាលទឹក៕