ស្ទឹងត្រែង៖នៅខេត្តស្ទឺងត្រែងអ្នកដែលមានខ្សែស្រឡាយចិនបានរៀបចំពិធីសែននៅមុនថ្ងៃចូលឆ្នាំមួយថ្ងៃដើម្បីគោរពទៅតាមប្រពៃណីរបស់គេ ធ្វើអោយអ្នកមានមុខរបរខ្វៃជ្រូកអាចរកប្រាក់ចំណេញបានច្រើនគួរសម។
លោកវ៉ាន់ សេង អាយុ២៨ឆ្នាំមានមុខរបរជាអ្នកខ្វៃជ្រូករស់នៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែងបាននិយាយថានៅខេត្តស្ទឹងត្រែងអោយតែដល់រដូវចូលឆ្នាំចិននៅមុនថ្ងៃសែនបួនប្រាំថ្ងៃអ្នកដែលមានខ្សែស្រឡាយចិន បានមកកុម្ម៉ង់ជ្រូករបស់លោក យកទៅសែនដើម្បីសុំសេចក្តីសុខចំរើនរកស៊ីមានបាន នេះជាជំនឿដែលគេតែតែគោរព ក្នុងមួឆ្នាំយបីដងគឺនៅថ្ងៃចូលឆ្នាំចិនម្តង ថ្ងៃឆេងម៉េង និងនៅថ្ងៃសែនក្បាលទឹកម្តង។
លោកបានបន្តអោយដឹងទៀតថានៅស្ទឹងត្រែងមានអ្នកប្រកបមុខរបរខ្វៃជ្រូកមានប្រមាណ៥ទៅ៦កន្លែងនៅថ្ងៃសែនចូលឆ្នាំចិននេះ ក្នុងមួយកន្លែងៗ មានអ្នកមកកុម្ម៉ង់ជ្រូក ចាប់ពី៣០ក្បាលទៅ៥០ក្បាល ក្នុងមួយក្បាលតូចល្មមតម្លៃ៤៥ម៉ឺនរៀល និងធំមួយក្បាល៥០ម៉ឺន៦០ម៉ឺនរៀល។
លោកថាមុខរបរខ្វៃជ្រូកពិតជាចំណេញគួរសមមែនតែដាច់តែពេលចូលឆ្នាំងចិនតែប៉ុណ្ណោះ។ថ្ងៃសែនក្បាលទឹកដាច់តិចតូច រីឯថ្ងៃឆេងម៉េងវិញ ក៏មិនសូវមានអ្នកមកខ្វៃដែរ ដោយសារអ្នកមករស់នៅខេត្តស្ទឹងត្រែង ភាគច្រើនមកពីបណ្តាខេត្តផ្សេងៗគ្នា ពេលដល់ឆេងម៉េង គេបានវិលត្រឡាប់ទៅសែនផ្នូរនៅឯស្រុកកំណើតរបស់គេវិញ។
លោកវ៉ាន់សេងបានបន្តថានៅថ្ងៃសែននេះ លោកបានខ្វៃជ្រូកជាង៣០ក្បាល ទិញចូលក្នុងមួយក្បាលតូចល្មម២៥ម៉ឺនរៀល និងធំមួយក្បាល២៨ម៉ឺនទៅ៣០ម៉ឺនរៀល លក់ចេញ៤៥ម៉ឺនដល់៦០ម៉ឺនរៀល ហើយនៅក្នុងរដូវចូលឆ្នាំចិននេះ គាត់អាចរកប្រាក់ចំណេញច្រើនគួរសម ចាប់បានពី៦លានទៅ៧លានរៀល តែថ្ងៃធម្មតាខុសពីថ្ងៃសែនវិញ មិនសូវមានអ្នកខ្វៃទេ មានតិចតួចបំផុត។
លោកស្រី និកាដែលមានមុខរបរជាអ្នកប្តូរប្រាក់នៅផ្សារខេត្តស្ទឹងត្រែងក៏បាននិយាយអោយដឹងដែរថា ជ្រូកខ្វៃនៅពេលសែនចូលឆ្នាំចិនម្តែងៗ មានតម្លៃខ្ពស់តែទោះជាមានតម្លៃខ្ពស់យ៉ាងណាក៏បង្ខំចិត្តត្រូវតែទិញដែរ ព្រោះមួយឆ្នាំម្តង ព្រោះវាជាទម្លាប់ប្រពៃណី តាំងពីកុងម៉ា ជីដូនជីតារបស់យើង ការសែននេះគឺដើម្បីសុំសេចក្តីសុខ រកស៊ីមានបានតែប៉ុណ្ណោះ៕