កំពង់ឆ្នាំង៖អនុវត្តតាមស្មារតីប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលខេត្តកំពង់ឆ្នាំ ងបានចេញសេចក្តីណែនាំមួយលេខ ០០៩ សណន ដើម្បីផ្សព្វផ្សាយលប់បំបាត់និងប្រមូលយកឧបករណ៍ឆក់ត្រីនៅតាមមូលដ្ឋាន។យោងតាមសេចក្តីណែនាំនេះ ប្រជាពលរដ្ឋបានភ្ញាក់រលឹកប្រ គល់អាំងវិចទ័រឆក់ត្រីជូនអាជ្ញាធរនិងសមត្ថកិច្ចជលផលបានចំនួន៣២៦គ្រឿងហើយ និងគេដឹងថានៅមានអាំងវិចទ័រជាង២០០គ្រឿងទៀតនៅលាក់លៀមមិនទាន់ប្រគល់អោយ។ 
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា៖រយៈពេលជាង២ខែកន្លងមកនេះ អនុវត្តតាមសេចក្តីណែនាំលេខ០០៩ សណន របស់លោកអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរដ្ឋបាលជលផលគ្រប់ផ្នែកគ្រប់សង្កាត់នេសាទបានចុះផ្សព្វផ្សាយនិងថតចម្លងសេចក្តីណែនាំ លេខ០០៩សណន ជូនប្រជាពលរដ្ឋគ្រប់ស្រុកបានចំនួន៩៥២០សន្លឹក គឺជាលទ្ធផលប្រជាពលរដ្ឋបានភ្ញាក់រលឹកប្រគល់អាំងវិចទ័រឆក់ត្រីបានចំនួន៣២៦គ្រឿង ក្នុងនោះយកបានពីស្រុកកំពង់លែង១៥៤គ្រឿង ស្រុកជលគីរី១៦១គ្រឿ ង និងស្រុកបរិបូណ៌១១គ្រឿង។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជលផល
សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្រង់ស្ថិតិអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅតាមស្រុកទាំង៨ក្នុងខេត្ត បានចំនួន៥៤២នាក់ ក្នុងនោះអ្នកភ្ញាក់រលឹកបានប្រគល់អាំងវិចទ័រឆក់ត្រីបាន៣២៦នាក់ ស្មើនិង៣២៦គ្រឿងរួចហើយ តែនៅសល់២១៦នាក់ស្មើនិង២១៦គ្រឿងទៀត ដែលមិនទាន់ភ្ញាក់រលឹកនៅមានការលាក់លៀមមិនទាន់ប្រគល់អោយ ដែលក្នុងនោះមាននៅស្រុកកំពង់លែងចំនួន១៣២នាក់ ស្រុកជលគីរី៥៨នាក់ ស្រុកបរិបូណ៌៦នាក់ និងស្រុកកំពង់ត្រឡាច២០នាក់។
ដោយឡែកនាយសង្កាត់ជលផលស្រុករលាប្អៀរមិនទាន់មានរបាយការណ៍រាយការណ៍អោយដឹងនៅឡើយទេ ប៉ុន្តែគេដឹងថាឧបករណ៍ឆក់ត្រីនៅក្នុងស្រុករលាប្អៀរក៏មានរាប់រយគ្រឿងដែរ។កន្លងមកនៅក្នុងដើមឆ្នាំ២០១៥នេះ ជនល្មើសឆក់ត្រី៣នាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនអោយតុលាការខេត្តកាត់ទោសដាក់ពន្ធនាគាររួចហើយដែរ។
តាមផែនការរបស់សមត្ថកិច្ចរដ្ឋបាលជលផល និងគណៈបញ្ជារឯកភាពខេត្ត ក្រោយពីចប់
ឱសានវាតទៅ អ្នកមិនទាន់យកឧបករណ៍ឆក់ត្រីមកប្រគល់អោយសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋាន
ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ នឹងត្រូវចេញលិខិតកោះហៅមកសាកសួរនៅខណ្ឌ័រដ្ឋបាលជលផលដើម្បីអប់រំអោយគេយកឧបករណ៍ឆក់ត្រីទាំងអស់នោះមកប្រគល់អោយសមត្ថកិច្ច។ករណីដែលពួកគេនៅតែរឹងរុះ លាក់លៀមមិនព្រមភ្ញាក់រលឹក សមត្ថកិច្ចរដ្ឋបាលជលផលនិងត្រូវកសាងសំ ណុំរឿងបញ្ជូនឈ្មោះពួកគេទាំងអស់នោះទៅកាន់តុលាការខេត្តតាមផ្លូវច្បាប់ ដែលអាចប្រឈមនិងការឃាត់ខ្លួនផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ស្តីពីជលផល៕



































