ខេត្ដសៀមរាបៈ រថយន្ដកូរ៉េ២តោនកន្លះបានកិនអ្នកជិះម៉ូតូស១២៥ម្នាក់ដែលបើកបញ្ច្រាស់ទិសគ្នាចំកង់ឡានពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងពីកើតមកលិចបណ្តាលបែកក្បាលចេញខួរស្លាប់ភា្លមៗនៅនឹងកន្លែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
អធិការរងនគរបាលស្រុកប្រាសាទបាគងលោកវរសេនីយត្រី ប៉ោះ ចន្ថា បានប្រាប់នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងត្រូវរថយន្តកិនដល់ស្លាប់នោះមានឈ្មោះ ស្រី ប៊ុនឈុន ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិមមៀញ ឃុំរលួស ស្រុកប្រាសាទបាគងបានជិះម៉ូតូម៉ាកស១២៥ពណ៌ក្រហមពាក់ស្លាកលេខសៀមរាប១B៥២៥០បើកបរមកពីលិចមកកើត។
លោកបន្តថា ចំណែកអ្នកបើកបររថយន្តកូរ៉េនោះបានចុះរត់បាត់បន្សល់ទុកតែឡាននៅកន្លែងកើតហេតុប៉ុណ្ណោះ ដែលមានរថយន្តកូរ៉េនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវពាក់ស្លាកលេខ៣B៩១១៨ បើកបរមកពីកើតទៅលិចបានបើករថយន្តនៅពីខាងស្តាំរបស់ តែត្រូវម៉ូតូនោះប្រហែលជាគេចពីរថយន្តផ្សេង ទើបដួលចូលមកកង់រថយន្តពីខាងក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ចំណែកម៉ូតូជនរងគ្រោះពុំមានខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
លោកបានបន្ថែមថា ក្រោយកើតហេតុកម្លាំងជំនាញបានធ្វើការវាស់វែងរួចរាល់ ក៏យករថយន្ដនិងម៉ូតូជនរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទគង ខេត្តសៀមរាបដើម្បីរង់ចាំឲ្យដោះស្រាយតាមផ្លូវច្បាប់៕



































