រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌសែនសុខនិងខណ្ឌទួលគោកប្រមាណ៥០នាក់ប្រដាប់ដោយកាំភ្លើងបានធ្វើការស្ទាក់ចាប់រថយន្តអូឌី ស៊េរីទំនើប ពណ៌ខ្មៅ អត់ស្លាកលេខមួយគ្រឿង បើកបរដោយនារីវ័យក្មេងសាច់សខ្ចីម្នាក់ តាមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បង្កអោយមានភាពភ្ញាក់ផ្អើលពេញរាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៤ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវរថភ្លើងត្រឡោកបែក ស្ថិតក្នុងភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅកន្លែងកើតហេតុ ប៉ូលិសមិនទាន់ស្គាល់អត្តសញ្ញាណនារីវ័យក្មេងដែលបើកបររថយន្តអូឌី ស៊េរីទំនើបខាងលើនៅឡើយទេ។ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា មុនពេលលោកបញ្ជារកម្លាំងប៉ូលិសមួយរាជធានីភ្នំពេញអោយធ្វើការពួនស្ទាក់ចាប់រថយន្តអូឌី ខាងលើគឺលោកបានជិះរថយន្តធ្វើការល្បាតត្រួតពិនិត្យ
កម្លាំងប៉ូលិសនៅតាមគោលដៅនីមួយៗក្នុងរាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញរថយន្តអូឌី ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿងអត់ស្លាកលេខ បើកបរដោយនារីម្នាក់បានធ្វើដំណើរយ៉ាងលឿននៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ (ម្ដុំមាត់ទន្លេ) ឃើញដូចនោះលោកក៏បានបញ្ជាកម្លាំងប៉ូលិសខណ្ឌដូនពេញធ្វើការឃាត់រថយន្តខាងលើដើម្បីធ្វើការសួរនាំតែដោយសារ
រថយន្តនោះបើកលឿនខ្លាំងពេកទើបធ្វើអោយផ្អើលប៉ូលិសមួយរាជធានីភ្នំពេញដេញតាមចាប់ប្រផាប់ចាប់ប្រភិងរហូតមកដល់ផ្លូវលេខ៥៩៨ ម្ដុំផ្លូវរថភ្លើងត្រឡោកបែកទើបត្រូវសមត្ថកិច្ចខណ្ឌសែនសុខសហការជាមួយសមត្ថកិច្ចខណ្ឌទួលគោកស្ទាក់ចាប់បាន។ ក្រោយពេលឃាត់បានរថយន្តអូឌី ស៊េរីទំនើប អត់ស្លាកខលេខខាងលើរួច លោកឧត្តម
សេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាអោយនាំយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដោយសារតែរថយន្តខាងលើនេះបើកបរនៅលើផ្លូវសាធារណៈក្នុងល្បឿនលឿនហើយអត់ពាក់ស្លាកលេខថែមទៀត។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចាំពីថ្ងៃនេះទៅអោយតែ រថយន្តឬម៉ូតូអត់ស្លាកលេខធ្វើចរាចរតាមផ្លូវសាធារណៈនានា សមត្ថកិច្ចត្រូវឃាត់ត្រួតពិនិត្យទាំងអស់។