នៅប្រទេសភូមា រដ្ឋាភិបាលទីក្រុងណៃពីដ៏បានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី១៨ កុម្ភៈថា ការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមនៅប៉ែកខាងជើងប្រទេសនាប៉ុន្មានថ្ងៃកន្លងបានបណ្តាល ឲ្យមានជនស៊ីវិល ៩០ ០០០នាក់រត់ចោលផ្ទះសម្បែងគេចពីតំបន់ជម្លោះកូកង។ មានស្រុក និងភូមិមួយចំនួនស្ថិតក្នុងតំបន់កូកងបានក្លាយជាស្រុក ភូមិគ្មានមនុស្សរស់នៅ ព្រមប្រជាជននៅស្រុក ភូមិខ្លះទៀតកំពុងនាំគ្នាធ្វើដំណើរចាកចេញជាបន្តបន្ទាប់។
គឺ ស្រុកឡូកៃស្ថិតក្នុងតំបន់កូកងដែលជាសមរភូមិក្តៅគគុគនៃការ ប្រយុទ្ធគ្នាយ៉ាងហិង្សារវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាម។ តាំងពីថ្ងៃទី៩ កុម្ភៈកន្លងទៅមកម្ល៉េះដែលការប្រយុទ្ធគ្នាបានចាប់ផ្តើមជាថ្មី បន្ទាប់ពីបានស្ងប់ស្ងាត់បន្តិចអស់រយៈពេល ៦ឆ្នាំ។ ជាទូទៅ ប្រជាជនបាននាំគ្នារត់ទៅជ្រកកោនក្នុងស្រុកឡាសូដែលមានចម្ងាយ ១៤០គីឡូម៉ែត្រពីស្រុងឡូកៃ។ រីឯពួកឧទ្ទាមក៏កំពុងបារម្ភពីការបើកការវាយប្រហារក្រោមទ្រង់ទ្រាយ ពីទ័ពរដ្ឋាភិបាល បន្ទាប់ពីស្រុកឡូកៃត្រូវបានរដ្ឋាភិបាលប្រកាសដាក់ក្នុងភាពអាសន្ន តាំងពីថ្ងៃអង្គារ ទី១៧ កុម្ភៈ។ អ្នកតំណាងរាស្ត្រស្រុកម្នាក់បានប្រាប់ឲ្យដឹងថា ប្រជាជនកំពុងបន្តភៀសខ្លួន ទោះបីជាត្រូវឆ្លងកាត់គ្រាប់កាំភ្លើងក៏ដោយ។
សូម្បីតែរថយន្ត ដឹកជនភៀសខ្លួនក៏ក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារដែលទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមបានទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក។ ក្នុងខណៈនេះ រដ្ឋាភិបាលបានបញ្ជូនកម្លាំងបន្ថែម ជាមួយនឹងអាវុធធន់ធ្ងន់ ដូចជារថក្រោះ និងកាំភ្លើងធំទៅកាន់តំបន់កូកង។ ទ័ពរដ្ឋាភិបាលមិនបានបញ្ជាក់ពីគម្រោងវាយប្រហារទ្រង់ទ្រាយធំនៅពេល ណាទេ តែអ្នកនាំពាក្យរបស់ពួកឧទ្ទាម Ta’ang ដែលកំពុងជួយប្រយុទ្ធជាមួយពួកឧទ្ទាមក្នុងតំបន់កូកងបានអះអាងថា នឹងមានការប្រយុទ្ធគ្នាថ្មីទៀតឆាប់ៗនេះ។
ក្រៅពីរត់គេចពីតំបន់ មួយទៅកាន់តំបន់មួយទៀត ក៏មានប្រជាជនភូមាប្រមាណជា ៣០ ០០០នាក់បាននាំគ្នារត់ឆ្លងដែនទៅជ្រកកោនក្នុងទឹកដីចិនក្បែរ ព្រំដែន។ រដ្ឋាភិបាលចិនកំពុងបារម្ភពីវត្តមានជនស៊ីវិលភូមាក្នុងទឹកដីខ្លួន ថា ជាការគំរាមកំហែងសន្តិសុខនៅតាមព្រំដែន។
ដោយឡែក រដ្ឋាភិបាលភូមាក៏បានប្រកាសទទួលស្គាល់ពីការបាត់បង់ជីវិតទាហាន ខ្លួនប្រមាណជា ៥០នាក់នៅក្នុងការប្រយុទ្ធនាសប្តាហ៍កន្លងទៅ។ គួរជម្រាបជូនថា ក្រៅពីជម្លោះនៅក្នុងតំបន់កូកងពេលនេះ រដ្ឋាភិបាលក៏កំពុងប្រឈមមុខនឹងជម្លោះប្រដាប់អាវុធទល់នឹង ក្រុមឧទ្ទាមផ្សេងទៀតដែរ។ គឺជាជម្លោះមួយដែលកំពុងធ្វើឲ្យរដ្ឋាភិបាលស៊ីវិលឈឺក្បាលខ្លាំងនៅ ក្នុងដំណើរអន្តរកាលឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ៕