ក្រុម ឆ្មាំសមុទ្រអ៊ីតាលីបានចេញផ្សាយវីដេអូឃ្លីបមួយ បង្ហាញពីរូបភាពនៃក្រុមចំណាកស្រុកចំនួន២៦៥នាក់ ដែលគេសង្គ្រោះបានក្នុងសមុទ្រ អំឡុងប្រតិបត្តិការ៣លើកដាច់ដោយឡែកពីគ្នា កាលពីថ្ងៃចន្ទកន្លងទៅ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមអន្តោ ប្រវេសន៍រាប់រយនាក់ មកពីអនុតំបន់សាហារ៉ា របស់ទ្វីបអាហ្វ្រិក បានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ តាមទូកតូចៗ នៅពេលដែលពួកគេជាប់នៅក្នុងសមុទ្រជិតតំបន់ឆ្នេរប្រទេសលីប៊ី។
ក្រោយពីសង្គ្រោះបានមនុស្ស៩៤នាក់ដែលកំពុង ធ្វើដំណើរតាមទូកតូចមួយ ក្រុមសមុទ្រក៏បានប្រទះឃើញទូកទី២ ដែលផ្ទុកជនចំណាកស្រុកចំនួន៩៩នាក់ទៀត ដែលក្នុងនោះរូមមានទាំងស្ត្រី៩នាក់ផងដែរ ។ ចំណែកឯទូកទី៣ មានដឹក ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៧២នាក់។
បន្ទាប់ពីសង្គ្រោះបាន ក្រុមចំណាកស្រុកទាំងអស់ត្រូវបានបញ្ជូនតាមនាវាឆ្មាំសមុទ្រអ៊ីតាលីឆ្ពោះទៅកាន់កោះឡាំប៉េឌុយសា។
សូមបញ្ជាក់ថា យ៉ាងហោចក្រុមចំណាកស្រុករាប់ពាន់នាក់ ត្រូវសង្គ្រោះបានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រតិបត្តិ ការមួយ ធ្វើឡើងដោយឆ្មាំសមុទ្រអ៊ីតាលី ខណៈដែលក្តីកង្វល់កើតមានឡើងចំពោះសុវត្ថិភាព របស់ពួកគេ។
ជាក់ស្តែង កាលពីពីរសប្តាហ៍មុន មនុស្សជាង ៣០០នាក់ បានស្លាប់ ខណៈដែលព្យាយាមឆ្លង សមុទ្រដើម្បីស្វែងរកជីវិតថ្មីលើទឹកដីបរទេស ហើយមនុស្សជាង៣,៥០០នាក់ផ្សេងទៀត បានស្លាប់ដូចគ្នាព្រោះតែការធ្វើចំណាកស្រុក ខុសច្បាប់នេះ៕