នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អតីតនាយករដ្ឋមន្ត្រីអូស្រា្តលី ចំនួន ០៦រូប បានរួមគ្នា ដាក់សម្ពាធទៅកាន់ រដ្ឋាភិបាលឥណ្ឌូណេស៊ី ជុំវិញសម្រេចចិត្តដាក់ ទោសប្រហារជីវិត មកលើជនជាតិអូស្ត្រាលីចំនួន ២ នាក់កាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារដដែលនេះថា លោក Andrew Chan វ័យ ៣១ ឆ្នាំ និង លោក Myuran Sukumaran វ័យ ៣៣ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកទោសជនជាតិ អូស្រា្តលី ០៩នាក់ ដែលបានចាប់ខ្លួន កាលពីឆ្នាំ២០១៥ កន្លងទៅ ពីបទលួចលាក់នាំចេញ គ្រឿងញៀន ហេរ៉ូអ៊ីន ចំនួន ៨,៣ គីឡូក្រាម ពីប្រទេសឥណ្ឌូណេស៊ី មកកាន់ អូស្រា្តលី។
ជនទាំង ២ នាក់ខាងលើ ត្រូវបានជាប់ទោសប្រហារជីវិត ដែលប្រហែលជានឹងត្រូវ បាញ់សម្លាប់ចោល ក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ។
ការទទូចអង្វរនាទីចុងក្រោយ របស់ប្រទេសអូស្រា្តលី សម្រាប់ទុកជីវិតឲ្យពួកគេរួចផុតពីទោស ប្រហារជីវិត ត្រូវបានទីក្រុង ហ្សាការតា ធ្វើមិនដឹងមិនឮ ដែលនេះជាហេតុកម្រ ទើបបណ្តាល ឲ្យមានការចេញមុខស្នើសុំ ពីសំណាក់អតីតនាយករដ្ឋមន្ត្រីទាំង ៦ នាក់ ដែលជាគូប្រជែង មកពីគណបក្សផ្សេងៗគ្នា រួមគ្នាសុំការលើកលែងទោសប្រហារជីវិត ពីតុលាការឥណ្ឌូណេស៊ី។
គួរបញ្ជាក់ផងដែឬថា នាយករដ្ឋមន្ត្រីអូស្រា្តលី លោក Tony Abott, និងរដ្ឋមន្ត្រីក្រសួង ការបរទេសស្រី លោក Julie Bishop ព្រមទាំង អគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅឥណ្ឌូណេស៊ី នៅតែបន្តអំពាវនាវ ឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ឲ្យមានសេចក្តីមេត្តា ប្រោសប្រណី។ យ៉ាងណា ក៏ដោយឥណ្ឌូណេស៊ី បានប្រកាសថា ច្បាប់របស់ប្រទេសនេះ គឺមិនត្រូវមានការអត់ឱន ឬ រំលោភបំពាននោះឡើយ៕