មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យម្នាក់ បានរួមគំនិត នឹងប្រជាពលរដ្ឋម្នាក់ទៀតបានលួចចូលឆក់ត្រីក្នុងដែនអភិរក្ស ត្រពាំងវាលរហាលពង្រ ហើយត្រូវបានកម្លាំងរបស់មន្ត្រីជលផល ក្រុងសំរោង និងសហការជាមួយប្រជាសហគមន៍ចុះឃាត់ខ្លួន និងរឹបអូសបាន
វត្ថុតាងមួយចំនួន។
លោក មុំ សាយ័ន្ន នាយរងផ្នែកជលផល ក្រុងសំរោង បានឱ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋនៅក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ដែលជាប់នៅក្បែរតំបន់អភិរក្សត្រពាំងវាលរហាលពង្រ បានរាយការណ៍មកថា មានសកម្មភាពជនល្មើសលួចចូលឆក់ត្រី ក្នុងដែនតំបន់ជំរកការពារ និងអភិរក្ស ដោយសុទ្ធតែជាសមត្ថកិច្ច ទើបលោកបានដាក់កម្លាំងបានចុះល្បាត និងសុំឱ្យប្រជាពលរដ្ឋ ធ្វើជាបណ្តាញសហការគ្នា ដើម្បីឈានដល់ទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធិភាព។
លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ប្រជាពលរដ្ឋរាយការណ៍មកថា មានមនុស្ស២នាក់ កំពុងចូលឆក់ត្រី ត្រពាំងវាលរហាលពង្រ ក្នុងដែនអភិរក្ស ហើយលោកបានដាក់កម្លាំងចុះប្រតិបត្តិការ ពួនស្ទាក់ រហូតដល់វេលាម៉ោង ១១យប់ថ្ងៃដដែល ទើបកម្លាំងរបស់លោក ឃាត់ខ្លួនជនសង្ស័យ២ នាក់ ម្នាក់ឈ្មោះ ឯក សុផាន្នី ភេទប្រុសអាយុ ៥៣ឆ្នាំ ជាមន្ត្រីអាវុធហត្ថខេត្ត និងម្នាក់ទៀតឈ្មោះ កែវ ធឿត ភេទប្រុសអាយុ ៥៧ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពុរ សង្កាត់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងរឹបអូសបានវត្ថុតាងមួយចំនួនទៀត។
លោកបន្តថា ជនសង្ស័យទាំង២នាក់ បន្ទាប់ពីធ្វើការសាកសួរអត្តសញ្ញាណ និងទីលំនៅស្នាក់នៅបានច្បាស់លាស់ពិតប្រាកដ លោកក៏បានធ្វើកំណត់ហេតុ ហើយបានធ្វើការដោះលែងជនសង្ស័យជាបណ្តោះអាសន្នផងដែរ។ដោយឡែកសំរាប់វត្ថុតាងរួមមាន កាំភ្លើងម៉ាក AK ១ដើម អាគុយ១ ម៉ាស៊ីនឆក់ ១គ្រឿង ម៉ូតូ ១គ្រឿង កម្លាំងរបស់លោកបានកសាងសំណុំរឿង បញ្ជួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕