ខេត្តសៀមរាប: សណ្ឋាគាររី ដែលជាសណ្ឋាគារលំដាប់ផ្កាយ៤ នៅក្រុងសៀមរាបនោះ ត្រូវបានទទួលរងការចោទប្រកាន់ ពីក្រុមហ៊ុននាំភ្ញៀវទេសចរណ៍ តាំងហេងលន់ ( ហៅកាត់ THI ) ថាបានរំលោភលើកិច្ចព្រមព្រាង ដែលមានចេតនា បង្ករឲ្យក្រុមហ៊ុន តាំងហេងលន់
ខូចឈ្មោះ និងបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរណ៍ នៅខណៈដែលក្រុមហ៊ុនតាំងហេងលន់ កំពុងមានសន្ទុះលើវិស័យ នាំភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាបនោះ។
ប្រធានក្រុមហ៊ុនទេសចរណ៍ តាំងហេងលន់ [ ហៅកាត់ថាTHI ]នេះបានប្រាប់អ្នកសារព័ត៌មានថា សណ្ឋាគារ រី លំដាប់ផ្កាយ៤នេះ បានទទួលលុយកក់ ពីក្រុមហ៊ុនតាំងហេងលន់ ចំនួន១២៧៩០$ ស្មើនឹង ២៦បន្ទប់ (១គ្រុប) សំរាប់ភ្ញៀវទេសចរណ៍បរទេសជនជាតិចិន សំរាករយះពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ហើយការព្រមព្រាងនេះ គឺមានវិក្ក័យប័ត្រនិងឯកសារផ្សេងៗទៀតផង ប៉ុន្តែនៅពេលដែលក្រុមហ៊ុនតាំងហេងលន់នាំភ្ញៀវទៅដល់សណ្ឋាគាររកបន្ទុប់សំរាក នៅថ្ងៃដំបូងគឺថ្ងៃទី១៩នោះ ស្រាប់តែខាងភាគីសណ្ឋាគារ រី ខ្វះបន្ទប់ឲ្យភ្ញៀវសំរាកចំនួន១១បន្ទប់ បានតែ១៥បន្ទប់តែប៉ុណ្ណោះ។
ប្រធានក្រុមហ៊ុនទេសចរណ៍តាំងហេងលន់បន្តឲ្យដឹងថា ការខ្វះបន្ទប់ឲ្យភ្ញៀវនេះ គឺខាងសណ្ឋាគាររី បានទៅរកជួលសណ្ឋាគារក្រៅឲ្យ ប៉ុន្តែភ្ញៀវពុំព្រម ព្រោះថាភ្ញៀវបានកុងត្រាជាមួយក្រុមហ៊ុន តាំងហេង លន់រួចហើយ គឺមកសំរាកនៅសណ្ឋាគារលំដាប់ផ្កាយ៤ ជាក់ស្ដែងឲ្យពួកគេទៅសំរាកនៅសណ្ឋាគារផ្សេង លំដាប់ក្រោមគឺភ្ញៀវមិនព្រម ប្រធានក្រុមហ៊ុនទេសចរណ៍នាំភ្ញៀវតាំងហេងលន់បានបន្តថា ( ព្យសនកម្ម )មិនគោរពកិច្ចព្រមព្រាងនៃភាគីសណ្ឋាគាររីនេះ បានធ្វើឲ្យភ្ញៀវបាត់បង់ទំនុកចិត្តមកលើក្រុមហ៊ុនទេសចរណ៍របស់លោក និងយល់ច្រឡំថាក្រុមហ៊ុនតាំងហេងលន់ មានគំនិតបោកប្រាស់ ភ្ញៀវ ដែលជាហេតុនាំខូចកិត្យានុកូលភាពរបស់ក្រុមហ៊ុន និងធ្វើឲ្យប៉ះពាល់ដល់សណ្ឋាគារដទៃ រួមទាំងវិស័យទេសចរណ៍ជាច្រើននៅក្រុងខេត្តសៀមរាបផងដែរ ។![IMG_0685.MOV_snapshot_00.03_[2015.02.21_15.40.58]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/IMG_0685.MOV_snapshot_00.03_2015.02.21_15.40.58.jpg?resize=448%2C252&ssl=1)
ប្រភពខាងបញ្ចាក់ថា ករណីដែលខាងសណ្ឋាគាររី អត់មានបន្ទប់ឲ្យភ្ញៀវស្នាក់នៅរបស់ក្រុមហ៊ុននាំភ្ញៀវតាំងហេងលន់នោះ គឺលោកសំរេចបានទៅដោះស្រាយដល់សណ្ឋាគារហើយ ប៉ុន្ដែលោកឌិនកែវមិនបានចេញមុខមកដោះស្រាយ។
លោកបានឆ្លើយដោះសារថា រវល់ប្រជុំរឿងបន្ទប់ ករណីនេះលោកសំរេចនៅរងចាំតាំពីរសៀល រហូតដល់ម៉ោង១០យប់ គ្មានដំណោះស្រាយសោះ ខណ:នោះភ្ញៀវមកដល់ មិនមានបន្ទប់ ធ្វើឲ្យខឹងឡូឡាពេញសណ្ឋាគារទាំងយប់ រួចហើយក៍នាំគ្នាយកវ៉ាលីឡើងរថយន្ដទៅរកផ្ទះសំណាក់ខាងក្រៅដោយមិនសប្បាយចិត្ត ធ្វើឲ្យខលើបាត់ថវិកាជាច្រើន។
លោកសំរេច តំណាងក្រុមហ៊ុនទេសចរណ៍បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុនតាំងហេងលន់ គឺមានដៃគូរ ក្រុមហ៊ុននាំភ្ញៀវនៅក្រៅប្រទេស ក្នុងការនាំភ្ញៀវឲ្យក្រុមហ៊ុនតាំងហេងលន់ ហើយមានរឿងបែបនេះ គឺភ្ញៀវអាចប្រាប់ ទៅក្រុមហ៊ុនក្រៅប្រទេស។ ក្រុមហ៊ុនក្រៅប្រទេសអាចដកសេចក្ដីទុកចិត្តលើក្រុមហ៊ុនតាំងហេងលន់ របស់លោក ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ក្រុមហ៊ុនតាំងហេងលន់ធំណាស់។
លោកតំណាងរូបនេះបានបញ្ជាក់ថា ក្នុងករណីនេះក្រុមហ៊ុនតាំងហេងលន់ កំពុងគ្រោងប្ដឹង សណ្ឋាគារ រី ជាសណ្ឋាគារលំដាប់ផ្កាយ៤ នេះ ទៅតុលាការហើយ ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់ ។![IMG_0682.MOV_snapshot_00.03_[2015.02.21_15.40.31]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/IMG_0682.MOV_snapshot_00.03_2015.02.21_15.40.31.jpg?resize=448%2C252&ssl=1)
លោក ឌិន កែវ អ្នកសំរបសំរួលតំណាងឲ្យម្ចាស់សណ្ឋាគាររី លំដាប់ផ្កាយ៤ ដែលមានទីតាំង ភូមិគ្រួស សង្កាត់ថ្វាយដង្គុំ ក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ ថាមានការខុសឆ្គងអីចឹងពិតមែន ប៉ុន្តែជារឿងអចេតនាព្រោះថាវាជាកំហុសខាងបច្ចេសទេសនិងរួមទាំងអ្នកកាន់សោបន្ទប់ ដូច្នេះសូមឲ្យ ក្រុមហ៊ុនតាំងហេងលន់ សូមជួយមេត្តាយោគយល់ ក្នុងនាមជាអ្នកធ្លាប់រកស៊ីជាមួយគ្នា និងជាដៃគូរកសុីយូរមកហើយនោះ ហើយកំហុសឆ្គងនេះ គឺមានតែ១ថ្ងៃដំបូងគឺថ្ងៃទី១៩នោះទេ ចំណែកក្នុងថ្ងៃបន្ទាប់ទៀតខាងសណ្ឋាគារ និងបំពេញតាមកិច្ច សន្យាឲ្យបានត្រឹមត្រូវ ចប់សព្វគ្រប់៕ ដោយ គង់ សុវណ្ណ



































![IMG_0686.MOV_snapshot_00.04_[2015.02.21_15.41.25]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/IMG_0686.MOV_snapshot_00.04_2015.02.21_15.41.25.jpg?resize=568%2C320&ssl=1)
