សៀមរាបៈឡានពេទ្យឯកជន អតីតគ្លីនិករស្មីសៀមរាប បានបុកឡានពេទ្យរបស់រដ្ឋទទឹងខ្លួន ពេញទំហ៊ឹងក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុគ្គលិកពេទ្យឯកជនម្នាក់រងរបួស ព្រោះតែប្រញ៉ាប់ទៅដណ្តើមយកម៉ូយ ដែលគ្រោះ ថ្នាក់ចរាចរណ៏ ទៅព្យាបាល។
ហេតុការណ៏នោះបានកើតឡើងនៅម៉ោង ជាង៧យប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៥ នៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រង់ចំណុចមុខ រ៉ូសាណា(ក្លឹបរាំ)ក្រុមភេទទី៣។
មន្ត្រីនគរបានចរាចរណ៏ នៅក្នុងហេតុការណ៏ បានឲ្យដឹងថា រថយន្តដែលបុកគ្នានោះ ជារថយន្តសង្គ្រោះទាំងពីរ មួយជារថយន្តសង្គ្រោះរបស់មណ្ទលសុខភាព ស្រុកវ៉ារិន(រថយន្តរបស់រដ្ឋ) បើកបរដោយឈ្មោះហេង មេងគាវ ភេទប្រុសអាយុ២៩ឆ្នាំជាបុគ្គលិកពេទ្យ។
ឯមួយទៀតជារបស់ឯកជន អតីតគ្លីនិករស្មីសៀមរាប បើកបរដោយឈ្មោះម៉ន សារិន ភេទប្រុសអាយុ២៨ឆ្នាំ ជាបុគ្គលិកពេទ្យឯកជនខាងលើ។ ចំណែកឯអ្នករងរបួស ជាបុគ្គលិកពេទ្យឯកជនខាងលើដូចគ្នា តែពុំបានស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុ ត្រូវបានគេបញ្ជូនទៅ សង្គ្រោះផុតទៅហើយ។ ប្រភពបន្តថា មុនពេលកើតហេតុរថយន្តរបស់រដ្ឋ បានដឹកអ្នកជម្ងឺពីស្រុកវ៉ារិន មកមន្ទីរពេទ្យបង្អែកខេត្ត ហើយបើកត្រឡប់ទៅស្រុកវ៉ារិនវិញ តែដល់
ចំណុចកើតហេតុ រថយន្តនោះបានបត់ឆ្វេងបំណងត្រឡប់ក្រោយ។ ស្របពេលនោះរថយន្តឯកជន កំពុងបោះពួយយ៉ាងលឿនស្របទិសគ្នា ដោយប្រញ៉ាប់ទៅយកអ្នករបួសក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ នៅកន្លែងផ្សេងទៀត ត្រង់ម្តុំមុខភោជនីយ៏ដ្ឋាន អាប៉ូឡូប្លាស្សា ក៏បានបុកចំទទឺងខ្លួនយ៉ាងពេញទំហ៊ឹងតែម្តង បណ្តាលឲ្យបុគ្គលិកពេទ្យឯកជនម្នាក់រងរបួស។
មន្ត្រីដដែលឲ្យដឹងទៀតថា ទោះមិនបង្កឲ្យមានមនុស្សស្លាប់បាត់បងជីវិត តែរថយន្តទាំងពីរបានរងការខូចខាតយ៉ាងដំណំ។ ក្នុងពេលនោះអ្នកបើកបររថយន្តឯកជន បានបង្ហាញភាពច្រងេងច្រង៉ាង ទាមទារឲ្យខាងឡានរបស់រដ្ឋសងថ្លៃខូចខាត ដោយទូរសព្ទ័ទៅមេរបស់គេ ដើម្បីអន្តរាគមន៏។ ប៉ុន្តែនៅទីបញ្ចប់មេទាំងសងខាងបានចរចារគ្នា ដោយខាងឡានពេទ្យឯកជន សងទៅខាងឡានពេទ្យរបស់រដ្ឋចំនួន៣០០ដុល្លារ ហើយបញ្ចប់ រឿងត្រឹមសមត្ថកិច្ចនគរបាលចរាចរណ៏។
សាក្សីនៅម្តុំកន្លែងកើតហេតុនិយាយថា មូលហេតុដែលបង្កការគ្រោះថ្នាក់នេះ គឺដោយសាឡានពេទ្យឯកជនបើកជែងបំណងវ៉ាទៅដណ្តើមម៉ូយ ព្រោះខ្លាចឡានដែលបើកមុខនោះទៅយកម៉ូយមុនបាត់ ហើយឡានរបស់គេទៅខកជើង។ តែតាមពិតឡានដែលបើកមុខនោះ គឺគេបើកទៅគោលដៅរបស់គេវិញសោះ។ សាក្សីនិយាយទៀតថា ជាទម្លាប់នៅក្នុងក្រុង
សៀមរាប រាល់ពេលមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង គ្រប់ឡានពេទ្យឯកជនតែងបើកប្រជែងគ្នាទៅដណ្តើមយកម៉ូយដែលគ្រោះថ្នាក់ ជាពិសេសគឺឡានពេទ្យគ្លីនិកឯកជនរស្មីសៀម រាបតែម្តង បោះពួយលឿនជែងគេឯង មិនគិតពីការបង្កគ្រោះថ្នាក់ដល់សាធារណៈជនផ្សេងទៀតឡើយ។ ករណីនេះអាជ្ញាធរមានសមត្ថកិច្ច គួរពិចារណា និងមានវិធានការផង នេះជាឡានពេទ្យដូចគ្នា ចុះបើប៉ះចំម៉ូតូឬឡានផ្សេងៗទៀតដែលមិនបានទៅដណ្តើមម៉ូយនោះ វាទៅជាយ៉ាងណា។
ទាក់ទិននឹងបញ្ហានេះលោកអ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលការងារសេវាកម្មគ្លីនិកឯកជនបានឲ្យដឹងថា តាមពិតរថយន្តក្លីនិកឯកជន មិនមែនបើកទៅយកអ្នករបួសទេ គឺបើកយកឡានទៅទុកនៅផ្ទះរបស់គេឯក្នុងបុរីសៀងណាំឯណោះទេ។ ពីព្រោះគ្លីនិករស្មីសៀមរាប បានផុតច្បាប់ធ្វើអាជីវកម្មហើយ ហើយពេលនេះខាងលោកកំពុងឲ្យរត់ច្បាប់និងប្តូរឈ្មោះថ្មី ដោយដាក់ឈ្មោះថាគ្លីនិក អប្សរា ដូច្នេះខាងក្លីនិកនោះ គ្មានសិទ្ធិយកឡានទៅដឹកអ្នករបួសផ្សេងៗឡើយ។ លោកបន្តថា ទោះគ្លីនិកនោះមានច្បាប់ក៏ដោយ ក៏គ្មានសិទ្ធិយកឡានទៅដឹកជនរងគ្រោះ ពីតាមទីសាធារណៈដែរ។
ទោះបីលោកអនុប្រធានមន្ទីរសុខាភិបាន បញ្ជាក់យ៉ាងដូច្នេះ តែនៅក្នុងក្រុងសៀមរាប រាល់ពេលមានគ្រោះថ្នាក់ចរាចរណ៏ ឡានពេទ្យឯកជនតែងបើកប្រជែងទៅដណ្តើមគ្នាយកជនរងគ្រោះ ដោយមិនគិតពីការបង្កគ្រោះថ្នាក់ដល់សាធារណៈជនឡើយ ហើយករណីនេះ គេមិនដែលឃើញខាងជំនាញមានវិធានការ ម្តងណាទាល់តែសោះ។ ចំពោះអតីតគ្លីនិករស្មីសៀមរាប ទោះបីទំលាក់ស្លាកចោលហើយ ក៏នៅតែដំណើរការធ្វើអាជីវកម្មដដែល រហូតមកទល់ពេលបច្ចុប្បន្ន៕



































