កំពង់ឆ្នាំង៖យុវជនម្នាក់ស្រវឹងបានបើកម៉ូតូបុករង្វង់មូលស្តាតចាស់ពេញទំហឹងប៉ើងម៉ូតូនិង
ខ្លួនឯងជាង៧ម៉ែត្ររបួសបែកមុខបែកមាត់ធ្ងន់ធ្ងរនិងសន្លប់ធំដោយសារអត់ពាក់មួកសុវត្តិភាព។ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវកៅស៊ូមុខស្តាតចាស់ ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖យុវជនបង្កគ្រោះខ្លួន
ឯងដោយសារគ្រឿងស្រវឹងនេះមានឈ្មោះ រ៉េន អាយុជាង២០ឆ្នាំ មុខរបរគួកជេរម៉ូតូ រស់នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។
មុនពេលកើតហេតុអ្នកស្រុករស់នៅជិតកន្លែងកើតហេតុបានឮស្នូរលាន់ប្រាវយ៉ាង
ខ្លាំងហើយស្ងាត់ឈឹង ពេលពួកគាត់ចេញមកមើលក៏ឃើញជនរងគ្រោះដេកសន្លប់បែកមុខមាត់ខ្ទេចរបួសធ្ងន់ធ្ងរ។មួយសន្ទុះក្រោយមកទើបសមត្ថកិច្ចមកដល់ នៅពេលនោះសម ត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុទើបដឹងថា រូបគេបានបើកម៉ូតូពីត្បូងទៅជើងក្នុងល្បឿនលឿន និងបានបុកខឿនរង្វង់មូលកណ្តាលទ្រូងផ្លូវពេញទំហឹង ប៉ើងម៉ូតូនិងមនុស្សជាង៥ម៉ែត្ររបួសបែកមុខមាត់ធ្ងន់ធ្ងរនិងសន្លប់ធំព្រោះតែមិនពាក់មួកសុវត្តិភាព ហើយលើខ្លួនគេគឺធំក្លិនប៊ីយ៉ែស្អុយហួងតែម្តង។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមន្ទីរពេទ្យ ដឹកយកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។នៅក្នុងមន្ទីរពេទ្យខេត្តគ្រូពេទ្យបានអោយដឹងថា ជនរងគ្រោះបានក្អួតមកពណ៌ខ្មៅៗគឺជាប៊ីយ៉ែអាបេសេ ហើយស្ថានភាពរបួសចេញក្អួតបែបនេះគឺបញ្ជាក់ថា របួសនៅលើក្បាលគេពិតជាធ្ងន់ធ្ងរណាស់។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា ពេលសមត្ថកិច្ចទៅដល់ឆែកនៅក្នុងខ្លួនជនរងគ្រោះមានទូសព្ទ័២គ្រឿង ហើយពេលសមត្ថកិច្ចយកចុចហៅលេខទូរសព្ទ័មួយដែលទើបតែទូរសព្ទ័ថ្មីៗនៅក្នុងទូសព្ទ័នោះ ទើបអ្នកទទួលទូរសព្ទ័នោះត្រូវជាមិត្តភ័ក្រប្រាប់ថា ជនរងគ្រោះឈ្មោះ រ៉េន ជាអ្នកគួកជេរម៉ូតូ ផ្ទះគេនៅភូមិសន្ទូចទើបដឹងអត្តសញ្ញាណជនរងគ្រោះ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C- 8620 បានខូតខាតបែកសន្ទបមុខ បែកកង់មុខ និងរួញចង្អើរដាក់កន្ត្រកមុខ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង៕
( ឈៀង ថារិទ្ធ )




































