ភ្នំពេញ៖ ជនសង្ស័យនាក់ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅបុស្តិ៍នគរបាលបឹងត្របែក បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពលួចដែក នៅក្នុងដីឡូត៍មួយកន្លែងនៅភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយត្រូវបានប្រជាពលរដ្ឋតាមទាន់ហើយ ប្រគល់ទៅឱ្យសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការអប់រំ តែនៅពេលជិះតាមផ្លូវបែរជានាំគ្នាជិះរត់គេចខ្លួន ថែមទាំងបានយកដំបងវាយទៅលើសមត្ថកិច្ចម្នាក់បណ្តាលឱ្យរងរបួស និងរត់គេចបាត់២នាក់់ និងដេញចាប់មកវិញបាននៅចំណុចមន្ទីរធនធានទឹក ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសម្នាក់ដែលត្រូវបានជនសង្ស័យ វាយឱ្យរបួស ដែលជាសមត្ថកិច្ចបុស្តិ៍បឹងត្របែក បានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យ៥នាក់បានផ្លោះរបងដីឡូត៍ខាងលើ ចូលទៅលួចដែក ពេលលឺដូចនេះរូបគាត់ជាមួយនឹងកម្លាំងសមត្ថកិច្ច២ ៣នាក់ទៀត បាននាំគ្នាទៅទីនោះភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់តែម្តង និងបាននាំខ្លួនពួកគេយកទៅធ្វើការកែប្រែអប់រំ ។
ប៉ុន្តែមិនទាន់ បានជិះទៅដល់បុស្តិ៍ផងនោះ ពួកគេក៏បាននាំគ្នាជិះរ៉ឺម៉ករបស់ខ្លួនកាន់តែលឿនទៅៗបំណងរត់ ឃើញដូច្នេះសមត្ថកិច្ចក៏បាននាំគ្នាជិះដេញតាម តាំងពីផ្លូវលេខ៣៨៤រហូតដល់ចំណុចមុខមជ្ឍមណ្ឌលរ៉ក់ ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ បានទាញដំបងនៅលើរ៉ឺម៉កម៉ូតូ វាយមកលើសមត្ថកិច្ចម្នាក់ជាច្រើនដំបង បណ្តាលឱ្យរងរបួស ។
ប្រភពបន្តថា ភ្លាមនោះសមត្ថកិច្ចដែលជិះតាមដូចគ្នានោះ បានទំនាក់ទំនងទៅកម្លាំងបន្ថែមតាមវិទ្យុទាក់ទង ឱ្យជួយដេញស្ទាក់ និងចាប់ពួកគេបាន៣នាក់ នៅមុខមន្ទីរធនធានទឹក ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើននាក់ បានធ្វើការអន្តរាគមន៍ និងបាននាំខ្លួនជនសង្ស័យទាំង៣នាក់ ទៅបុស្តិ៍នគរបាលបឹងត្របែក ដើម្បីចាត់ការតាមនីតិវិធី ៕



































