ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះដែលកំពុងជិះម៉ូតូ ក៏ត្រូវបានជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឱ្យដួលបោកទៅនឹងថ្នល់ ហើយត្រូវរថយន្តបុកថែមពីក្រោយ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩នឹង១០នាទីយប់ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៥ មុខសណ្ឋារគារប៉ារីស តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូទ្រីមសេ១២៥ពណ៍ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខសណ្ឋារគារប៉ារីស ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីក្រោយនារីរងគ្រោះបានសម្រេច បណ្តាលឱ្យដួលបោកទៅនឹងកណ្តាលថ្នល់ ហើយគេចខ្លួនបាត់ស្រមោល ។
ភ្លាមនោះក៏ស្រាប់តែមានរថយន្តព្រូសពណ៍ស មិនចាំស្លាកលេខ បើកមកពីខាងក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកនារីរងគ្រោះថែម បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌ៧មករា ជាបណ្តោះអាសន្ន ៕



































