កំពង់ឆ្នាំង៖ កម្មការនីរោងចក្រដេរស្បែកជើង ឡុង លីដ ជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលរោងចក្រនោះស្ថិតនៅក្នុង ភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ហើយត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច និងនៅឃ្លីនីកព្យាបាលឯកជន នានាក្នុងស្រុក។ ករណីនេះសមត្ថកិច្ចអះអាងថា៖ គឺបណ្តាលមក ពីការទុស្សេខ្សែភ្លើងក្នុងរោងចក្រ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យបាននិយាយអោយដឹងថា៖ មូលហេតុដែលនាំអោយមានកម្មករដួលសន្លប់បែបនេះគឺបណ្តាលមកពីទុស្សេចរន្តអគ្គីសនីនៅក្នុងអាគារ B ទើបបណ្តាលអោយមានកម្មករដួលសន្លប់បែបនេះ ហើយភ្លាមៗនោះដែររថយន្តសង្គ្រោះ បានដឹកកម្មករទាំងនោះទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច និងពេទ្យឯកជននានា ដែលនៅជិតៗនោះ ។ តាមរបាយការណ៍ដែលទទួលបាន កម្មករដួលសន្លប់ទាំងនោះមានចំនួនជាង៦០នាក់ ប៉ុន្តែពួកគាត់សុទ្ឋតែប៉ះពាល់ក្នុងកំរិតស្រាលមិនមានធ្ងន់ធរនោះទេ។
ចំណែកលោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចវិញបាននិយាយអោយដឹងថា៖កម្មករដែលបានចូលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកកំពង់ត្រឡាចមានចំនួន៤២នាក់ ។ ពួកគាត់មានសភាពស្រាលៗ ខ្លះបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរហើយ ។
លោកបានបន្តថាៈ តាមគ្រូពេទ្យដែលបានសង្គ្រោះនិយាយថាៈ កម្មករទាំងនោះសុទ្ឋតែមានសុខភាពខ្សោយ ទើបពេលមានអាសន្នបានភ័យតក់ស្លុត បណ្តាលអោយដួលសន្លប់បែបនេះ ហើយពេលមួយដួលសន្លប់ មួយទៀតឃើញក៏ដួលសន្លប់តៗគ្នាតែម្តង ប៉ុន្តែពេលគ្រូពេទ្យដាក់សេរ៉ូមមួយដបម្នាក់មក ខ្លះបានធូរស្រាលនិងវិលទៅផ្ទះវិញជាបណ្តើរៗហើយ៕



































