ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយ ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន រួចទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីគេបានធ្វើសកម្មភាពគាស់ផ្ទះគេ ចូលទៅខាងក្នុង រើកកាយឥវ៉ាន់បំណងលួចទ្រព្យសម្បត្តិ តែត្រូវបានម្ចាស់ផ្ទះ ទៅទាន់ពេលវេលា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ខាងក្រោយនឹងផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ជនសង្ស័យខាងលើមានឈ្មោះ ជា យ៉ា អាយុ១៧ឆ្នាំ ជាជាងធ្វើពិដាន បច្ចុប្បន្នស្នាក់នៅជិតសាលាមធ្យមសិក្សាគោកបញ្ជន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិអ្នកយឹង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត ។
លោក ឈឹម រចនា ដែលជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជាមួយនឹងក្រុមគ្រួសារ បាននាំគ្នាទៅដើរកំសាន្ត តាំងពីពេលល្ងាចមកម្ល៉េះ ហើយនៅម៉ោងប្រមាណជា១០នឹង២០នាទី ក៏បានត្រឡប់មកផ្ទះវិញ ។ ហើយនៅពេលមកដល់ផ្ទះ ក៏ស្រាប់តែប្រទះឃើញមានស្បែកជើងចំឡែក នៅខាងមុខផ្ទះ និងសោរទ្វារផ្ទះរបស់គាត់ បានរប៉ើកដាច់ ដោយមានការសង្ស័យភ្លាមៗនោះ រូបគាត់ក៏បានហៅអ្នកជិតខាង ឱ្យមកជាមួយ និងបានចូលទៅខាងក្នុងផ្ទះ បានឃើញរបស់របរ និងឥវ៉ាន់ ត្រូវបានរើកកាយពេញ ។
ប្រភពបានបន្តថា ឃើញដូច្នេះ គាត់រួមជាមួយអ្នកជិតខាង បាននាំគ្នាដើរមើលសព្វក្នុងផ្ទះ ក៏បានប្រទះឃើញជនសង្ស័យខាងលើ កំពុងពួនសំងំនៅក្នុងបន្ទប់របស់គាត់ និងមានកំបិត១ដើម នៅជិតខ្លួនផងដែរ ។ បន្ទាប់មកពួកគាត់ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងបាននាំគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបប្រគល់ទៅឱ្យសមត្ថកិច្ច ។
ក្រោយមកជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ នៅបុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ធ្វើការសួរនាំ និង កសាងសំណុំរឿងទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវីធី ៕



































