មេដឹកនាំក្រុមបាតុករថៃលោកបានឡើងគម្រោងធ្វើបាតុកម្មបន្តទៀតនៅថ្ងៃទី២៩មីនា ដោយ ពេលនេះលោកបានខិតខំគៀង គពលរដ្ឋ ក្នុង ក្រុងបាងកក់ចូលរួមឲ្យបានច្រើនកុះករ។ពេលនោះក៏មានប្រជាពលរដ្ឋចេញមកផ្តល់កម្លាំងចិត្ត និងបិរច្ចាគប្រាក់ដល់ក្រុមបាតុករជាហូហែ និង
នៅតាមដងផ្លូវមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ។
ក្នុងករណីដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រៀមពិភាក្សាដើម្បីរិះរកច្រកចេញពីវិបត្តិក្នុងប្រទេសនោះ ក្រុមអ្នកតវ៉ានឹងមិនពិភាក្សា ហើយមិនចរចាលើកលែងតែការចរចាមួយទល់មួយ ជាមួយលោកស្រីយីងទ្បាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីចាំផ្ទះ រួមទាំងមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ព្រោះគោលជំហររបស់ក្រុមអ្នកតវ៉ា គឺចង់ឃើញមានកំណែទម្រង់មុនពេលមានការបោះឆ្នោត ។
ប្រភពខាងលើបន្តទៀតថា លោកប្រាយុទ្ធច័ន្ទអូចា មេបញ្ជាការកងទ័ពជើងគោកថៃ ប្រកាសថា បណ្តាទាហានដែលពាក់ព័ន្ធក្នុងនយោបាយ នឹងត្រូវបណ្តេញចេញពីការងារប្រសិនបើមានកំហុសពិត ។ នៅឯអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក មានកិច្ចប្រជុំមួយដឹកនាំដោយ លោកប្រាយុទ្ធ ច័ន្ទអូចា ដែលផ្តោតជាសំខាន់លើបញ្ហាសន្តិសុខក្នុងប្រទេស ។
មេទ័ពជើងគោកថៃ ថែមទាំងលើកយកករណីរបស់លោកស៊ូថេប ធឿកស៊ូបាន មេដឹកនាំក្រុមអ្នកតវ៉ា ដែលប្រកាសធ្វើមហាបាតុកម្មថ្ងៃទី២៩ មីនា និងការណាត់ធ្វើមហាបាតុកម្មរបស់ក្រុមចលនាប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ(អាវក្រហម) នៅថ្ងៃទី៥ មេសា ថា ស្ថានការណ៍នៅក្នុងប្រទេសកំពុងស្ថិតក្នុងក្តីបារម្ភនឹង កើតមានអំពើហិង្សា នៅក្នុងខែមេសាដូចគ្នា ដែលកើតទ្បើងនាពេលកន្លងមក ។ មេបញ្ជាការកងទ័ពជើងគោកថៃ បានចេញបញ្ជាដល់ក្រុមអ្នកឃ្លាំមើល ត្រូវតាមដានពីសកម្មភាពធ្វើបាតុកម្មរបស់ក្រុមអ្នកតវ៉ាជៀសវាង កុំឱ្យកើតមានចលាចលណាមួយជាយថាហេតុ ៕