​តុលាការ​កោះហៅ​ពលរដ្ឋ​៦​នាក់ មក​បំភ្លឺ​ជុំវិញ​រឿង​បំផ្លិច​ ​បំផ្លាញ​ដំណាំ អ្នកដទៃ​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​

0

​ខេត្តសៀមរាប​៖ ពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​លើកគ្នា​មក​តុលាការខេត្ត​ដើម្បី​លើកទឹកចិត្ត​ឲ្យ​តំណាង​របស់​ពួកគេ ខណៈដែល​តុលាការ​កោះហៅ​មក​បំភ្លឺ ករណី​បំផ្លាញ​ដំឡូង​របស់​ពលរដ្ឋ​១៦​គ្រួសារ​ក្នុងភូមិ​ជាមួយគ្នា​។​
ហេតុ​ការ​តុលាការ​កោះហៅ​ពលរដ្ឋ​ចំនួន​៦​នាក់មក​បំភ្លឺ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៥​ស្ថិត​នៅមុខ​បរិវេណ​តុលាការខេត្ត ។​P1060599
​ ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ធួន លឿម ភេទ​ប្រុស រស់នៅ​ភូមិ​ចំបក់​៣​ដើម ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​មក​ថ្ងៃនេះ​មាន​គ្នា​ប្រមាណ​ជិត​១០០​នាក់​មកពី​៥​ភូមិ​គឺ​ភូមិ​ត្បែង​វត្ត​,​ត្បែង​កើត​,​គូ​លេន​ថ្មី​,​ត្បែង​លិច​,​ចំបក់​បី​ដើម ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​នាំគ្នា​មក​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចំនួន​៦​នាក់ ត្រូវ​ពលរដ្ឋ​មួយក្រុម​ទៀត​ដែលមាន​១៦​គ្រួសារ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ប្តឹង​រឿង​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​។​

លោក​បន្តថា​
​តាមពិត​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ​ទាំង​១៦​គ្រួសារ​នោះ គឺជា​រឿង​មិន​ពិត​ទេ ព្រោះ​ខាង​អាជ្ញាធរ​ស្រុក បាន​កោះហៅ​មក​ប្រជុំ​រួច​ម្តងមកហើយ ដោយ​ចាត់ទុកថា ដី​ទាំងនោះ​ជា​ដី​កំពុងមាន​ទំនាស់ ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ចូលទៅ​បង្កបង្កើនផល​នៅ​ទីនោះ​បានទេ គឺ​រង់ចាំ​រក​ដំណោះស្រាយ​ឲ្យ​ឃើញ​សិន​។ ប៉ុន្តែ​ខាង​ភាគី​ពលរដ្ឋ​១៦​គ្រួ​សារបាន​ចូលទៅ​បង្កបង្កើនផល​នៅ​ទីនោះ ហើយ​ត្រូវ​ពលរដ្ឋ​ម្ខាង​ទៀត​ដកយក​ផលដំណាំ​មួយចំនួន​។​IMG_3692

លោក​បន្ថែមថា ពលរដ្ឋ​ដែល​ត្រូវ​តុលាការ​កោះហៅ​មក​បំភ្លឺ​ទាំង​៦​រូបនោះ​មាន ឈ្មោះ ទី​១/​គង់​អេង ទី​២/​ឈ្មោះ ធួន លឿម ទី​៣/​យ៉េ​ម យ៉​ន​,​ទី​៤/​ខេ​ម លឿន​, ទី​៥/ ឈឿន សម្បត្តិ​,​ទី​៦/​ង៉ោ ធូ​
​អ្នក​ទាំង​៦​នាក់​នេះ​ត្រូវបាន​សួរនាំ​ដោយ កញ្ញា ទីវ គឹម​កល្យាណ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​លោក​បន្ថែមទៀតថា រហូតមកដល់​ម៉ោង​នេះ​តុលាការ​កំពុង​សួរនាំ​ពួកគាត់​នៅឡើយ​។​
​ ​លោក សូរ សុន អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៥​នេះ​ថា បញ្ហា​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុងភូមិ​ចំបក់​បី​ដើម ឃុំ​ត្បែង​នេះ​អាជ្ញាធរ​បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​ពួកគាត់​មានការ​យោគយល់​គ្នា​ជាច្រើនលើក​មកហើយ ប៉ុន្តែ​ពួកគេ​មិនអាច​ទទួលយក​នូវ​សំណើរ​របស់​អាជ្ញាធរ​នោះទេ ទើប​ពួកគេ​លើកគ្នា​មកប្តឹង​ដល់​តុលាការ​តែម្តង​។​លោក​បន្តថា ពលរដ្ឋ​ទាំងនោះ​មានការ​ច្រណែន​គ្នា​រឿង​ដែល​អាជ្ញាធរ​បានសម្រេច​សប្ប​ទាន​ដី​ឲ្យ​ពលរដ្ឋ​កាលពីពេល​កន្ល​ង​ទៅ រីឯ​ពលរដ្ឋ​ដែល​ចូលទៅ​ដក​ដំឡូង ពលរដ្ឋ​ម្ខាង​ទៀត​នោះ​ត្រូវ​បានមក​សម្របសម្រួល​គ្នា​នៅ​អធិការ​ស្រុក​ម្តង​រួចមកហើយ ប៉ុន្តែ​ពួកគេ​មិន​ព្រមស្តាប់​ទើប​ពួកគេ​នាំគ្នា​មកប្តឹង​ដល់​តុលាការ​តែម្តង​។​
​ ​ទោះបីជា​យ៉ាងនេះ​ក្តី ការចូល​ខ្លួន​មក​បំភ្លឺ​របស់​ពលរដ្ឋ​ទាំង​៦​នាក់​នៅក្នុង​តុលាការ​នេះ ប្រភព​បាន​ឲ្យ​ដឹងថា តុលាការ​គ្រាន់តែ​ហៅ​ពួកគាត់​មក​បំភ្លឺ​ម្នាក់​ម្តង​តែប៉ុណ្ណោះ ដោយ​មិនទាន់មាន​ស្ថាន​ទម្ងន់ទោស​ទៅលើ​ពួកគាត់​យ៉ាងណា​នោះទេ​។​
​ ​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​កញ្ញា ទីវ គឹម​កល្យាណ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ថា កញ្ញា​កំពុង​ជាប់​ប្រជុំ ដូច្នេះ​បញ្ហា​នេះ​នៅ​មិនទាន់​ដឹង​យ៉ាងណា​នោះទេ​៕