ខេត្តកំពង់ចាម: បន្ទាប់ពីនគរបាលស្រុកព្រៃឈរចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ចោទពីបទលួចទូរសព្ទនិងអាយផេតអ្នកដ៏ទៃនោះឥឡូវជនសង្ស័យបានសារភាព ប្រាប់សម្មត្ថកិច្ចនគរបាលស្រុកឈានទៅចាប់ជនសង្ស័យម្នាក់ទៀតជាបងប្រុសរបស់ខ្លួន និងដកហូតបានវត្ថុតាងរួមមាន ប្រាក់ដុល្លា ប្រាក់បាត ប្រាក់រៀល ទូរសព្ទនិងគ្រឿងអលង្គការសរុបជាប្រាក់រាប់មឺុនដុល្លាដែលជនសង្ស័យលួចពីជនរងគ្រោះកន្លងមក។
លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲដឹងបន្ថែមថា បន្ទាប់ពីកំណត់មុខសញ្ញាជនសង្ស័យសកម្មខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឈានទៅចាប់ខ្លួនជនសង្ស័យទី១មក លោកឧត្ដមសេនីយ៍ បែន រ័ត្នស្នងការនគរបាល ខេត្ដកំពង់ចាម បានបញ្ជាឱ្យ រូបលោកដឹកនាំនគរបាលជំនាញ សហការជាមួយ នគរបាលមូលដ្ឋាន បើក
ការស្រាវជ្រាវ ជាបន្ទាន់ រហូតឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យទី២ដែលជាបងប្រុសរបស់ជនសង្ស័យទី១ មានឈ្មោះ សុខ កំសត់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ក្នុងនោះយើងធ្វើរដកហូតជាវត្ថុតាងបានរួមមាន: ទូរសព្ទដៃ ណូគាចំនួន១គ្រឿង ទូរសព្ទអាយហ្វូន ហ្វាយពណ៍សចំនួន២គ្រឿង ទូរសព្ទសាំស៊ុងចំនួនមួយគ្រឿង
នាឡិកាដៃ ម៉ាក រ៉ូឡិច របស់មនុស្សប្រុសចំនួន១គ្រឿង និងនាឡិកា ម៉ាករ៉ូឡិច របស់មនុស្សស្រី១គ្រឿង ប្រាក់បាត ចំនួន១០មឺុនបាត ប្រាក់ដុល្លា ២ពាន់៥រយដុល្លា និងសំភារះមួយចំនួនទៀត។
លោកអធិការបន្តឲដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់និងកំពុងតាមប្រមាញ់ជាយូហើយដោយសម្មត្ថកិច្ចនជំនាញនគរបាលប៉ុន្តែយើងមិនទាន់មានភស្ត៍តាងគ្រាប់គ្រាន់ដើម្បីបង្ក្រាបពួកគេ ហើយពួកគេពីនាក់បងប្អូនបង្កើតនេះយើងអាចនិយាយបានថា ជាស្តេចចោរលួចព្រោះពួកគេលួចដល់ថ្នាក់សង់ផ្ទះថ្មដ៏ស្កឹមស្កៃ(កំពុងសាងសង់)។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យជាចោរទាំងពីនាក់បងប្អូន សម្មត្ថកិច្ចកំពុងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលស្រុកព្រៃឈរឃាត់ខ្លួននៅម៉ោង១២,២០ថ្ងៃត្រង់ទី២៤ ខែកុម្ភះ ឆ្នាំ២០១៥ បន្ទាប់ពីកោះហៅឲចូលខ្លួនមកបំភ្លឺរឿងជាប់ចោទលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ(ទូរសព្ទនិងអាយផេត)នៅអធិការដ្ឋាននគរបាលស្រុក ហើយការឃាត់ខ្លួននេះក៏មានការឯកភាពផ្នែកផ្លូវច្បាប់ពីលោកតំណាងអយ្យការ ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។
លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ រតនា ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាប់ចោទពីបទលួចទ្រព្យសម្បត្តិអ្នកដ៏ទៃដែលប្រព្រឹត្តទៅកាលពីវេលាចន្លោះម៉ោង១ទៅម៉ោង២ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចលើផ្ទះជនរងគ្រោះក្នុងភូមិឃុំជាមួយគ្នា។ចំណែកជនរងគ្រោះនិងជាដើមបណ្តឹងមិនត្រូវបានស្គាល់ឈ្មោះទេ។
លោកអធិការបានបញ្ជាក់ឲដឹងថា បន្ទាប់ពីឆែកឆេទៅលើជនសង្ស័យមានភស្ត៍តាងគ្រប់គ្រាន់ហើយ ជនសង្ស័យរួមវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់៕



































