ជនសង្ស័យម្នាក់បានរត់ចោលរ៉ឺម៉កកង់បីរបស់ខ្លួន បន្ទាប់ពីគេបានធ្វើសកម្មភាពប្លន់ម៉ូតូពីបុរសម្នាក់ ដែលគេស្គាល់ថាជាកម្លាំងសមត្ថកិច្ចនៅខណ្ឌសែនសុខ តែមិនបានសម្រេចព្រោះមានការភិតភ័យខ្លាំងពេក ដោយត្រូវបានគេស្រែកថាចោរៗ និងបានជិះដេញតាមពីក្រោយតាំងពីវត្តសំបួរមាស រហូតផ្លោះចូលទៅក្នុងវត្ត ធុតង្គចំការ តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចខណ្ឌជាច្រើននាក់មកអន្តរាគមន៍ភ្លាមៗ ។
តាមសម្តីរៀបរាប់ពីបុរសជនរងគ្រោះដែលត្រូវបានគេស្គាល់ថាជាកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់រួមជាមួយនឹងកូន២នាក់ទៀត ទើបតែនាំគ្នាមកពី លេងផ្ទះបងប្អូន ដោយបានជិះម៉ូតូឌ្រីមសេ១២៥ ពីរគ្រឿង ដោយគាត់បានជិះម្នាក់ឯង និងកូនប្រុស២នាក់ជិះម៉ូតូមួយគ្រឿងផ្សេង តាមបណ្តោយផ្លូវលេខ២១៧ លុះមកដល់ចំណុចមុខវត្តសំបួរមាស ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានជិះរ៉ឺម៉កកង់បីមួយគ្រឿងមកគៀរឱ្យឈប់ និងបានវាយមកលើរូបគាត់មួយដៃ បំណងប្លន់យកម៉ូតូ ។
ប្រភពបន្តថា បន្ទាប់ពីត្រូវបានជនសង្ស័យខាងលើវាយរួចមក រូបគាត់រួមជាមួយនឹងកូនប្រុសៗទាំង២នាក់បំរុងតដៃ តែត្រូវបាន ជនសង្ស័យខាងលើដកកាំភ្លើងខ្លីមួយដើមពីចង្កេះ និងបានស្រែគំរាមផងដែរ មានហើយគេបានជិះរ៉ឺម៉កកង់បីបន្តដំណើរទៅមុខជាទៀត ។
ប៉ុន្តែដោយមិនអស់ចិត្តរូបគាត់រួមជាមួយនឹងកូនៗបាននាំគ្នាជិះដេញតាមពីក្រោយនិងបានស្រែកខ្លាំងៗថា ជួយផងៗមានចោរប្លន់ ដោយមានការភិតភ័យជនសង្ស័យបានបន្ថែមល្បឿន ម្យ៉ាងវិញទៀតឃើញមានគេដេញតាមផងនោះ បានជិះចូលតាមច្រកចូលក្នុងវត្តធុតង្គចំការដូង និងបានផ្លោះរបងចូលទៅក្នុងវត្តគេចខ្លួនបាត់ ចោលរ៉ឺម៉កម៉ូតូកង់បីរបស់ខ្លួន ។
ភ្លាមៗនោះដែរគេបានឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោជាច្រើននាក់បាននាំគ្នាចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងចូលទៅឆែរឆេរនៅក្នុងបរិវេញវត្ត ប៉ុន្តែមិនបានឃើញអ្វីនោះទេ ដោយសារតែជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ ។
ក្រោយមកជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនយកមកផ្តន្ទាទោស ហើយតាមការសន្និដ្ឋាន របស់សមត្ថកិច្ច គឺជនសង្ស័យអាចជាអ្នករត់រ៉ឺម៉កម៉ូតូ ហើយដឹកភ្ញៀវទៅកន្លែងស្ងាត់ប្លន់តែម្តង ។



































