សិស្ស​វិទ្យាល័យ​ពងទឹក​ពីរ​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​រថយន្ត​បើក​បុក​ពីក្រោយ​នៅ​ផ្លូវជាតិ​លេខ​៣

​ភ្នំពេញ​៖​សិស្ស​វិទ្យាល័យ​ពងទឹក​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវបាន​ដឹកបញ្ជូន​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដោយសា​រថយន្ត​ក្រុមហ៊ុន ស៊ឹង​ហ្គា​ពួ​រ ផលិត​កេស​ក្រដាស បើក​បុក​ពីក្រោយ​ពេញទំហឹង​នៅមុខ​ច្រកចូល​សាលា​វិទ្យាល័យ​ពងទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣

ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៣ និង​១៥​នាទី ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៤​។​
​សមត្ថកិច្ច​ប្រាប់ឲ្យដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-7951 ជា​រថយន្ត​របស់​ក្រុមហ៊ុន ស៊ឹង​ហ្គា​ពួ​រ ផលិត​កេស​ក្រដាស បើកបរ​ដោយ​ឈ្មោះ សំ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​វត្ត​ជំ​ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​វត្ត​ក្តី ឃុំ​វា​លពង់ ស្រុក​ឧតុង្គ ខេត្ត​កំពង់ស្ពឺ​។ ដោយឡែក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ​ពងទឹក ត្រូវបាន​ដឹក​បញ្ជូន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-8966 ។​
​សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ប្រាប់ថា មុនពេល​កើតហេតុ​ភាគី​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង គ្រោះ​បើកបរ​ស្រប​ទិស​គ្នា គឺ​ពី​ត្បូង​ទៅ​ជើង ដោយ​ម៉ូតូ​បើកបរ​ខាងមុខ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ម៉ូតូ​ឈប់​បន្តិច ដើម្បី​បត់​ចូលរៀន​ក្នុង​សាលា​វិទ្យាល័យ​ពងទឹក ស្រាប់តែ​រថយន្ត​មក​ពី​ក្រោយ​បុក​ពេញទំហឹង​តែ​ម្តង បណ្តាល​សិស្សស្រី​ទាំង​ពីរ​នាក់​ដួល​បោក​ទៅលើ​ថ្នល់ ដោយ​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល  ដោយឡែក​រថយន្ត​បង្កហេតុ​បាន​បួង​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ធ្លាក់​ផ្លូវ ប៉ុន្តែ​មិន​ក្រឡាប់​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​ផ្នែក​ខាងមុខ​រថយន្ត​តិចតួច​ប៉ុណ្ណោះ​។​
​ប្រភព​ព័ត៌មាន​ពី​សាក្សី​ប្រាប់​បន្តថា ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​នគរបាល​ចរាច​រ​ខណ្ឌ​ដង្កោ​ចុះ​ធ្វើការ​វាស់វែង នាំយក​ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម ច្បាប់​៕​

01 02 03