សៀមរាប នាព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប មាននរៀបចំពិធីអបអរសាទរ ខួបលើកទី១០៤ ទិវាអន្តរជាតិ ៨ មីនា ២០១៥ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ ( ស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រី ពិភពលោកឆ្នាំ១៩៩៥)ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៊ឹន កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្ត និង លោកជំទាវ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ភរិយាថ្នាក់ដឹកនាំ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត អង្គការដៃគូ អាជីវករ និង គរុសិស្ស និស្សិត ចំនួន៤០០នាក់ដែលបានចូលរួម ។ 
បន្ទាប់ពីលោកស្រី យូ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប បានបញ្ជាក់ពីប្រវត្តិនៃទិវា ០៨មីនា ដើម្បីរំលឹកពីការតស៊ូយ៉ាងស្វិតស្វាញរបស់ស្ត្រី នៅក្រុងស៊ីកាហ្គោ និង ញូយ៉ក សហរដ្ឋអាមេរិក ដែលបានសាមគ្គីគ្នា ក្រោកឈរតស៊ូ យ៉ាងប្ដូរផ្ដាច់របស់ស្ត្រី ទាមទារឲ្យបន្ថយម៉ោងធ្វើការនិងតម្លើងប្រាក់បៀរវត្សនាថ្ងៃទី០៨ ខែ មីនាឆ្នាំ១៨៩៩ ។ ក្នុងការធ្វើឲ្យសម្រេច បាននូវ សមធម៌ សន្តិភាព និងការអភិវឌ្ឍន៍សង្គម ដើម្បីស្ត្រីទទួលបាននូវការគោរពសិទ្ធិ សេរីភាព និងទទួលស្គាល់ នូវតម្លៃការចូលរួមដោយស្មើភាព ការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិ ។
មានប្រសាសន៍ស្វាគមន៍នោះលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្ត បានលើកឡើងពីគោលបំណងនៃអបអរសាទរខួបលើកទី១០៤ទិវាអន្តរជាតិ៨ មីនា២០១៥ ក្រោមប្រធានបទ (ស្ត្រីកម្ពុជាក្រោយ សន្និសីទស្ត្រី ពិភពលោកឆ្នាំ១៩៩៥)នេះ ដើម្បីរំលឹកពីការតស៊ូយ៉ាងស្វិតស្វាញរបស់ស្ត្រី ក្នុងការធ្វើឲ្យសម្រេច បាននូវ សមធម៌ សន្តិភាព និង
ការអភិវឌ្ឍន៍សង្គម ដើម្បីស្ត្រីទទួលបាននូវការគោរពសិទ្ធិ សេរីភាព និងទទួលស្គាល់ នូវតម្លៃការចូលរួមដោយស្មើភាព ការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិ ។ ម្យ៉ាងទៀតប្រធានបទឆ្នាំនេះ ក្នុងការជម្រុញស្ត្រីកម្ពុជា រួមគ្នាជំនះរាល់ឧបសគ្គទាំងឡាយ ដើម្បីឆ្ពោះទៅកសាងប្រទេសជាតិមួយ មានសន្តិសុខ ស្ថិរភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍន៍ឈានឡើង ផ្តើមចេញពីធនធានមនុស្សប្រកបដោយគុណវឌ្ឍន៍ និង រួមចំណែក ប្រែក្លាយខ្លឹមសារនៃប្រធានបទ ដំណើរឆ្ពោះទៅមុខ ( ស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រី ពិភពលោកឆ្នាំ១៩៩៥) ឲ្យទៅជា សកម្មភាពជាក់ស្តែង ដើម្បីសង្គមកម្ពុជា សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
បន្តមកលោក នូ ផល្លា បានអាននូវព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តម មនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គលជាទីសក្ការៈ ក្នុងឱកាសប្រារព្ធទិវាអបអរសាទរខួបលើកទី១០៤ទិវាអន្តរជាតិ៨ មីនា២០១៥ ក្រោមប្រធានបទ (ស្ត្រីកម្ពុជាក្រោយ សន្និសីទស្ត្រី ពិភពលោកឆ្នាំ១៩៩៥) ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹន កន្ថាផាវី ក៏បានមានប្រសាសន៍ថា សម្រាប់ការប្រារព្ធពិធី ០៨ មីនា នេះ ក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ស្ថានភាពស្ដ្រីនៅកម្ពុជា បានជ្រើសយកប្រធានបទ «ដំណើរឆ្ពោះទៅមុខ» ស្ដ្រីកម្ពុជាក្រោយសន្និសីទស្ដ្រីពិភពលោក ឆ្នាំ១៩៩៥ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីពលករទូទាំងសាកលលោក ក្នុងការទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិស្នើភាពរវាងបុរស និង ស្ដ្រី ក៏ដូចជាពិនិត្យ ឡើ
វិញ សមិទ្ធផលនានា ដែលកើតមានក្នុងរយៈពេល២០ឆ្នាំមកនេះ ក្រោយពីសន្និសីទស្ដ្រីពិភពលោក ១៩៩៥ និង ធ្វើការបំផុស កៀរគរប្រជាពលរដ្ឋកម្ពុជា ឲ្យធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រពិតប្រាកដ រវាងបុរស និងស្ដ្រី។ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹន កន្ថាផាវី បានបន្ដទៀត ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ស្ដ្រីនៅកម្ពុជា បាន
ចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យ សំខាន់លើវិស័យសេដ្ឋកិច្ច និង នយោបាយ និងការធ្វើសេចក្ដីសម្រេច ដូចជាអាត្រាចូលរួមរបស់ស្ដ្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ប្រមាណ ៣៧% ជាស្ត្រី ។ ក្នុងនោះដែរលោកជំទាវរដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់អំពីនិយមន័យសមភាពយេនឌ័រ និង គោលនយោបាយយេនឌ័រ ព្រមទាំងលើកនូវយុទ្ធសាស្ដ្រ ក្នុង ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ដោយគ្រួសារជាភ្នាក់ងារដ៏
សំខាន់ក្នុងការជម្រុញឲ្យស្ដ្រីចូលរួមក្នុង តួនាទីធ្វើសេចក្ដីសំរេច និង ស្ដ្រី គឺជាភ្នាក់ងារដ៏សំខាន់ ក្នុងការជម្រុញឲ្យសង្គមមានការអភិវឌ្ឍន៍ឈានឡើង ។ ក្នុងទិវានោះដែរ លោកស្រី វេជ្ជបណ្ឌិត អ៊ឹន កន្ថាផាវី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាតិ វិស័យឯក ជន អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ បន្តលើកកម្ពស់កិច្ចសហការ
ជម្រុញគោលនយោបាយ សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ផែនការបញ្ជ្រាបយេនឌ័រ និង បន្តផ្សព្វផ្សាយដល់ប្រជាជន យុវជន យុវនារី ខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ដើម្បីក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពល ក្នុងការអភិវឌ្ឍន៍សង្គម ព្រមទាំង បន្ត អភិវឌ្ឍន៍នូវធនធានស្ត្រី ឲ្យយល់ដឹងពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ខ្លួន តាមរយៈការកែប្រែឥរិយាបថសង្គមឲ្យទទួល ស្គាល់ ចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួសារ និង សង្គម ក្នុងសេចក្តីសុខចម្រើនរបស់ប្រជាជាតិយើង ។
បន្ទាប់ពីគណៈអធិបតីបានជូនបាច់ផ្កា ដល់ឧត្តមភរិយា និង ការប្រគល់រង្វាន់ដល់គ្រួសារគំរូ និង លិខិតថ្លែង អំណរគុណរួចមក ក្នុងនោះដែរ លោកស្រី វេជ្ជបណ្ឌិត អ៊ឹន កន្ថាផាវី លោក ឃឹម ប៊ុនសុង និង លោកជំទាវ ក៏បាននាំនូវវត្ថុអនុស្សាវរីយ៍ ចែកជូនដល់បងប្អូននារីដែលបានចូលរូម ក្នុងឱកាសខួមលើកទី១០៤ ទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០១៥ ដោយម្នាក់ៗទទួលបាន សារុងស៊ឹង្ហ ០១ អាវយឺត ១ និងថវិកា ២០ពាន់រៀលផងដែរ ៕



































