ភ្នំពេញ៖ បុរសម្នាក់បានស្រវឹងស្រាជោគជាំ បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ទៅគៀរជាមួយ នឹងរថយន្តគេពីក្រោយបណ្តាលឱ្យរងការខូចខាត ហើយប្រកែកថា គេប៉ះរថយន្តខ្លួនទៅវិញ ភាគីម្ខាង ទៀតមិនចង់មានរឿងវែងឆ្ងាយ ក៏បញ្ចប់ដោយយករថយន្តធ្វើរៀងខ្លួន។ ហេតុការណ៍នេះបានកើត ឡើងកាលវេលាម៉ោង ៨:២០នាទី យប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ប្រភពពត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមេរីបាឡែនពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ 2X-7323 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងផ្លូវលេខ៣១០ ស្រាប់តែមានបុរសម្នាក់ជិះរថយន្ត ហាយឡែនឌ័រ ពាក់ស្លាក លេខភ្នំពេញ 2N-9251 ទំនងជាស្រវឹងស្រាបើកបរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បួងចង្កូតទៅ ឆ្វេងដៃ បានគៀរជាមួយនឹងរថយន្តកាមេរីបាឡែន ពីក្រោយ បណ្តាលឱ្យ
រងការខូចខាត។ ប្រភពបន្តថា ក្រោយកើតហេតុបុរសស្រវឹង ដែលជាជនបង្កបានចុះពីលើរថយន្ត ហើយបានស្រែកឡូឡាថា គេជា អ្នកប៉ះរថយន្តរបស់គាត់ទៅវិញ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់ កន្លែងកើត ហេតុភ្លាមៗផងដែរ ប៉ុន្តែភាគីខាងរថយន្តកាមេរីបាឡែន មិនចង់មានរឿងវែងឆ្ងាយ ក៏បញ្ចប់រឿងដោយ យករថយន្តទៅជួសជុលរៀងៗខ្លួន។



































