> ខណ:ដែលគាត់បានបើកបរម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវក្រាលកៅស៊ូក្នុងស្រុកមួយកន្លែង លុះដល់ចំនុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏បានរេចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរដឹកផ្លែចេក ក្នុងទិសដៅច្រាស់គ្នា ដែលបង្កអោយភាគីម្ខាងទៀតក៏រងរបួសយ៉ាងដំណំដែរ។លោក ឌឿន សម្បត្តិ អធិការរងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី
> បានប្រាប់កម្ពុជាថ្មីក្រោយពេលដែលលោកបានចុះទៅធ្វើការវាស់វែងរួចមកថា ដំបូងគឺមានម៉ូតូមួយគ្រឿង
> ម៉ាក Dream ធុនC125 ព៌ណខ្មៅ គ្មានស្លាកលេខហើយបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយគេបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីស្រុកមោងឫស្សីទៅកាន់ស្រុករុក្ខគិរី ។
> លោកអធិការរងបានបន្តថា លុះទៅដល់ចំនុចកើតហេតុម៉ូតូនេះហាក់បីដូចជាបាត់បង់ម្ចាស់ការ ក៏ស្រាប់តែបានរេចង្កូតទៅខាងឆ្វេង ចៃដន្យនៅពេលនោះដែរ
> ក៏មានម៉ូតូម៉ាកអាល់ហ្វាមួយគ្រឿងគ្មានស្លាកលេខ ដែលកំពុងបើកបរច្រាស់ទិសគ្នា ថែមទាំងមានដឹកផ្លែចេកពេញនៅពីក្រោយផង ក៏បានមកដល់ល្មម ហើយក៏បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងបណ្តាលអោយអ្នកបើកបរទាំងសងខាងធ្លាក់បោកទៅនឹងថ្នល់ដោយភាគីម៉ូតូអាល់ហ្វារយះជើងនិងរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកភាគីម៉ូតូ Dream ក៏ត្រូវរបួសយ៉ាងធ្ងន់ទំនងជាបាក់ កផង ហើយក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះតែម្តង ។
> ក្រោយមកទើបសមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណភាគីទាំងសងខាងថា អ្នកដែលស្លាប់នោះ
> មានឈ្មោះ ចូត ឃឿត ភេទប្រុស អាយុ52ឆ្នាំ មាននាទីជាអនុប្រធានភូមិព្រៃព្រុំ2 ក្នុងឃុំរបស់មង្គលចំណែកជនរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ ឡាច សុភាន់ ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិពោធិឃុំគារ ស្រុកមោងឫស្សី ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ
> ចំណែកសពក៏បានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯគេហដ្ឋានហើយ ចំពោះម៉ូតូទាំងពីរគ្រឿងក៏បាននាំយកមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។បញ្ហានេះ សមត្ថកិច្ខបានសន្និដ្ឋានថាគឺជាការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះដល់ពេលដែលមានបញ្ហា ឬក៏ជួបនឹងឧបសគ្គគឺមិនអាចបញ្ឈប់យាន្តបានភ្លាមៗឡើយ៕



































