បន្ទាយមានជ័យះនគរបាលចរាចរបានប្រើគ្រប់មធ្យោបាយ ទាំងការផ្សព្វផ្សាយច្បាប់ណែនាំដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរតាមផ្លូវជាតិលេខ៥ តែនៅមិនអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរបាន ទើបប្រើពិធីសាសនាដោយនិមន្តព្រះសង្ឃ
សូត្រមន្តប្រោសព្រំទឹកមន្តតាមដងផ្លូវដើម្បីដេញឧបទ្រពចង្រៃអោយជៀសចេញឆ្ងាយកុំមកយាយីឆក់យកជីវិតមនុស្សតាមដងផ្លូវទាំងអស់នៅក្នុងខេត្តទៀត។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២មីនា ឆ្នាំ២០១៥ ដោយនិមន្តព្រះចៅអធិការវត្តសម្មាធិផលប្រោសព្រំ នៅតាមផ្លូវនឹងនៅចំនុចដែលតែងគ្រោះថ្នាក់ចរាចរកើតទ្បើងជាញឹកញាប់។
លោក សួន នីបូ៉ នាយរងការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយអនុវត្តតាមការណែនាំអោយនិមន្តព្រះសង្ឃធ្វើពិធីតាមបែបសាសនាពីសំណាក់លោកឧត្តមសេនីយ៍ អាត់ ខែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ការិយាល័យចរាចរបាននិមន្តព្រះសង្ឃចំនួន៥អង្គរួមមានព្រះចៅអធិការវត្ត សម្មាធិផលផងនោះបានធ្វើការសូត្រមន្តនិងប្រោសទឹកមុនតាមផ្លូវជាតិលេខ៥ពីចំនុចមុខសាលាខេត្តទៅដល់ព្រំប្រទល់រវាងក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅដែលចំនុចនេះជាចំនុចដែលតែងកើតមាននៅគ្រោះថ្នាក់ចរាចរញឹកញាប់។
លោកបានបន្តទៀតថា ការធ្វើពិធីបែបនេះដោយសារតែកន្លងទៅនេះគ្រោះថ្នាក់ចរាចរបានកើនទ្បើងច្រើនជាងឆ្នាំ២០១៣ ហើយ គ្រោះថ្នាក់ទាំងអស់នេះបានឆក់យកជីវិតមនុស្ស ស្លាប់នឹងកន្លែង និងពេលបញ្ជូនទៅសង្គ្រោះ និងក្រោយសង្គ្រោះ ដល់ទៅ១៣៦នាក់ ស្រី២២នាក់ របួសធ្ងន់២៥៨នាក់ ស្រី៦៣នាក់ របួសស្រាល២០៣នាក់ ស្រី៦០នាក់ ហើយបណ្តាលអោយខូចខាតយានយន្តរួមមានម៉ូតូធ្ងន់ស្រាល៣១៧គ្រឿង រថយន្តតូចធំធ្ងន់ស្រាយ១៩៤គ្រឿង យានយន្តផ្សេង ៗ ៣៥គ្រឿង ។ដោយទ្បែក៣ខែដើមឆ្នាំ២០១៥នេះគ្រោះថ្នាក់ចរាចរក៍កាន់តែកើតទ្បើង៕ដោយ:ឃិន គន្ធា



































