ខេត្តសៀមរាប៖ រថយន្តខា្នតយក្សដឹកដំឡូងមី២គ្រឿងរបស់ក្រុមហ៊ុនឯកជនមួយបុកគ្នាពេញទំហឹងក្នុងទិសដៅស្របទិសពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែនៅក្នុងហេតុការនោះពុំមាននរណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលវេលាម៉ោង៣ ឈានចូលថ្ងៃទី០១ខែមិនាឆ្នាំ២០១៥ស្ថិតនៅចំនុចលើផ្លូវជាតិលេខ៦ ក្នុងភូមិលលៃ ឃុំបាគង ស្រុករាសាទបាគង ខេត្តសៀមរាប។ តាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តធំទាំង២ដឹកដំឡូងពេញ បើកមុខក្រោយគ្នា ស្រាប់តែបុកគ្នាលាន់ដូចរន្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ តែពុំឃើញមានមនុស្សរងរបួសទេ។ប្រភពបានបន្តថា ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចចុះមកអន្តរាគមន៏ទាំងយប់ភ្លាមៗដែរ។
សមត្ថកិច្ចបានប្រាប់ នៅថ្ងៃទី០១ខែមិនាឲ្យដឹងថា រថយន្តដឹកដំឡូងទាំង២នេះជារបស់ក្រុមហ៊ុនឯកជនដែលមានម្ចាស់តែមួយ បង្កឡើងដោយរថយន្តដឹកដំឡូងបើកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តគ្នាឯងពេញទំហឹងតែម្តង បណ្តាលឲ្យខូចខាតទាំងសងខាង ចំណែកដំឡូងមី បានរាយពេញផ្លូវជាតិលេខ៦តែម្តង។សមត្ថកិច្ចបានបន្តថា អ្នកបើកបរពីមុខមានឈ្មោះ ផាន ភក្ត្រា ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិថ្នល់បត ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកតាកែវ FU SO ពណ៌ខៀវ ៣A.០៧៩៩ បើកពីកើតមកលិច និងមួយគ្រឿងទៀតដែលបើកបរពីក្រោយឈ្មោះ សេង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំអូរលេង ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក FU SO ពណ៌ខៀវ គ្មានស្លាកលេខ បើកពីកើតមកលិច ប៉ុន្តែពុំមានអ្នករបួសទេ។បច្ចុប្បន្ន រថយន្ត ដឹកដំឡូងទាំង២ត្រូវបានក្រុមហ៊ុនដោះស្រាយជាមួយសមត្ថកិច្ចបញ្ចប់នៅកន្លែងកើតហេតុទាំងយប់។
សូមរំលឹកថា រថយន្តខ្នាតយក្សរាប់រយគ្រឿងដែលមានទ្រុងវែងហួសកំណត់ ត្រូវបានគេសង្កេតឃើញកំពុងធ្វើចរាចរយ៉ាងរលួនឆ្លងកាត់ខេត្តសៀមរាបធ្វើឲ្យកំណាត់ផ្លូវក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចររងការខូចខាតយ៉ាងដំណំ ខណៈពេលដែលមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាបកំពុងសម្ងំយកសុខស្រួល ដោយមន្ទីរអះអាងថា មិនទាន់មានច្បាប់ឲ្យហាមឃាត់រថយន្តដឹកលើសទម្ងន់នៅឡើយ៕



































