កំពង់ឆ្នាំង៖ យុវជន៣នាក់បានរងរបួសបែកក្បាលនិងបែកមាត់ហូរឈាមស្រោចខ្លួនពេទ្យដេរជាច្រើនថ្នេរ ដោយនៅពេលចេញពីស៊ីការគេវិញត្រូវក្មេងទំនើង១ក្រុមព្រួតគ្នាស្ទាក់វាយយ៉ាងសាហាវនៅតាមផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ចំណុចភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ។
ក្រុមយុវជនរងគ្រោះទាំង៣នាក់មាន៖ ១.ឈ្មោះ ហ៊ន ស៊ីប្រាង អាយុ២០ឆ្នាំ រងរបួសក្បាលដេរ២០ថ្នេរ ២.ឈ្មោះ ហ៊ន សុជាតិ អាយុ២៥ឆ្នាំ របួសក្បាលដេរ៦ថ្នេរ និង៣.ឈ្មោះ ផៃ សារឿន របួសបែកមាត់ពួកគេមានទីលំនៅ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌។
យុវជនជនរងគ្រោះទាំង៣នាក់បានមកដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិរដ្ឋបាលមូលដ្ឋានដោយបាននិយាយថា៖ មុនពេលកើតហេតុ ពួកគេបានចេញពីស៊ីការត្រឡប់ទៅផ្ទះវិញ ដោយជិៈម៉ូតូ២គ្រឿងគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដែលមានចម្ងាយតែប្រមាណ១៥០ម៉ែត្រពីផ្ទះការប៉ុណ្ណោះ ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ ១០នាក់បានស្ទុះចេញពីក្នុងព្រៃ ខ្លះកាន់ដែកបំពង់ទីប ខ្លះកាន់ដំបង ខ្លះកាន់ដុំថ្ម និងចំពាមកៅស៊ូបានព្រួតវាយ គប់និងបាញ់មកលើក្រុមខ្លួនយ៉ាងសាហាវ ដោយពេលនោះពួកខ្លួនគ្នាតិចគ្មានលទ្ឋភាពតដៃឡើយ។
នៅក្នុងហេតុការណ៍នោះ អ្នកធ្វើដំណើរតាមផ្លូវជាតិបានឈប់ឡាន ឈប់ម៉ូតូ ស្រែកឃាត់ដែរ តែក្រុមជនដៃដល់មិនបានខ្លាចឡើយ គឺព្រួតគ្នាវាយម៉ាឆ្អែតដៃទើបរត់ចូលព្រៃគេចខ្លួនអស់។យុវជនជនរងគ្រោះបានបញ្ជាក់ថា៖ ក្នុងចំណោមជនដៃដល់ទាំងនោះពួកខ្លួនបានស្គាល់មនុស្សចំនួន៣នាក់ មាន១.ឈ្មោះ ប៉ូច (មេក្លោង) ២.ឈ្មោះ ក្រា និង៣.ឈ្មោះ ឆក ទាំង៣នាក់នេះមានទីលំនៅក្នុងភូមិស្រះកែវ។
ទាក់ទងនិងករណីនេះ លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូណ៌ បាននិយាយតាមទូរស័ទ្ទនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ នេះថា៖ លោកបានទទួលព័ត៌មាននេះហើយ តែចំពោះ មូលហេតុនៃការស្ទាក់វាយប្រហារមកលើក្រុមយុវជនចេញពីស៊ីការនេះ លោកមិនទាន់បានដឹងចទេដែលពេលនេះសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។ប៉ុន្តែបើតាមលោកដឹង រឿងនេះ គឺពិតមានទៅមានមកហើយ ទើបមានរឿងកើតឡើងបែបនេះ ៕



































