សៀមរាប៖ ហាងលក់ឳសថរបស់ជនជាតិកូរ៉េ មូយកន្លែងត្រូវបាន លោក ជួន សុបញ្ញាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប សហការជាមួយលោកវរៈសេនីយ៍ឯក សឿន សេន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងលក់ឪសថដែល លក់មិនប្រកតីមួយកន្លែងស្ថិតនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចសហប្រតិបត្តិការបង្ក្រាបទីតាំងលក់ឳសថត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ខែមីនាឆ្នាំ២០១៥នេះវេលាម៉ោង១០.៣០នាទីដែលត្រូវបានស្គាល់ម្ចាស់គ្លីនិកឯកជនមានឈ្មោះគីមជុងតុលភេទប្រុសអាយុ៥០ឆ្នាំជនជាតិកូរ៉េ បានបើកលក់ថ្នាំពេទ្យដោយមិនស្របច្បាប់ រយះពេល២ឆ្នាំមកហើយ ចំណែកការឈរ ឈ្មោះដើម្បីចុះបញ្ជីក្នុងការសុំច្បាប់អនុញ្ញាតិ ត្រូវបានយកឈ្មោះ ស៊ាង មុន្នីភេទប្រុសអាយុ២៧ឆ្នាំ ជានិសិត្សរៀននៅឳសថឧត្តម ជំនាន់ទី៣ IU កើតថ្ងៃទី០៥ខែ០២ឆ្នាំ១៩៨៨។
លោកវរៈសេនីយ៍ឯក សឿន សេន បានឲ្យដឹងថាទីតាំងលក់ឳសថនេះ ត្រូវបានបង្ក្រាបរួចម្តងមកហើយថែមទាំងបានផាកពិន័យចំនួន ១0លានរៀលផងដែរ តែនៅពុំព្រមរាងចាល ទើបចុះបង្ក្រាបជាលើកទី២នេះរកឃើញវត្ថុតាងមានឳសថ ដែលមិនបានចុះបញ្ជីការចំនួន៥៦មុខស្មើរនិង១១០៦៦គ្រាប់ ចំណែកលិខិតអនុញ្ញាតិចេញដោយលោក កុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបអស់សុពលភាពនៅថ្ងៃទី២៨ខែ០២ឆ្នាំ២០១៥ ។
លោកវរៈសេនីយ៍ឯក សឿន សេន បានបន្តថា ចំពោះម្ចាស់អជីវកម្ម បើយល់ព្រម ផាកពិន័យតាមច្បាប់សមត្ថកិច្ចនិងធ្វើការពិន័យចំពោះឳសថដែលមិនប្រកតី តែបើសិនជាមិនព្រម ចូលមកផាកពិន័យនោះទេនិងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងដែលសមត្ថកិច្ចរកឃើញ ដែលជាឳសថពុំបានឆ្លងកាត់ក្រសួងសុខាភិបាលនោះត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបនិងបានរឹបអូសរក្សាទុកដើម្បើត្រួតពិនិត្យពីវេជ្ជះបណ្ឌិត ។
លោកវរៈសេនីយ៍ឯក សឿន សេន បានបន្តថា កិច្ចការអនុវត្តទប់ស្កាត់ បង្ក្រាបបទល្មើសចរាចរណ៍ឳសថនៅក្នុងខេត្តសៀមរាបនេះគឺជាភារៈកិច្ចសំខាន់ចាំបាច់ ត្រូវតែលុបបំបាត់ចោល ឳសថដែលគ្មានគុណភាព ឳសថហួសសុពលភាពឳសថក្លែងក្លាយ រហូតទទួលបានលទ្ធផលល្អប្រសើរ ក៏ដោយសារតែមានការ ចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ដែលបានគិតគូរ ពីសុខភាពប្រជាពលរដ្ឋ ជារឿងសំខាន់ដែលបានប្រើប្រាស់ឳសថខុសច្បាប់ និងសំណូមពរឲ្យប្រជាពលរដ្ឋ ទាំងអស់បញ្ឈប់នូវការប្រើប្រាស់ថ្នាំពេទ្យដែលបានទិញមកពី ទីតាំងដែលពុំបានទទួលការអនុញ្ញាតិច្បាប់ឲ្យលក់ និងសូមពិនិត្យសុពលភាពថ្នាំពេទ្យដើម្បីសុខភាព ចៀសវាងមានគ្រោះថ្នាក់។
ដោយ ខេង ឧត្តម


































