ភ្នំពេញ៖យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ធ្វើការឃាត់ខ្លួន ដោយករណីប្រើអំពើហឹង្សាវាយប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួស។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១ ខៃមីនា ឆ្នាំ២០១៥ នៅក្នុងចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យុវជនសង្ស័យឈ្មោះ អៀត ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរកក់ឆ្នោត (ប្តី) ចំណែកជនរងគ្រោះឈ្មោះ សៀ ពិសី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ (ប្រពន្ធ) ទាំងពីរនាក់ប្តីប្រពន្ធ បច្ចុប្បន្នរស់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធកំពុងតែដេកមើលកូននៅក្នុងបន្ទប់ផ្ទះជួល បន្ទាប់មកជនសង្ស័យជាប្តីបានមកពីផឹកទឹកត្នោតជូរមកដល់ ផ្ទះរករឿងជនរងគ្រោះជាប្រពន្ធថា យកលុយរបស់គេចំនួន ២៨០០០រៀល ។ពាក្យចោទសួរនេះ ជនរងគ្រោះ បានឆ្លើយថា មិនបានយកលុយនេះទេ ភ្លាមនោះជនសង្ស័យបានស្ទុះ ទៅយកកាំបិតប៉័ងតោមកកាន់ ហើយទះកំភ្លៀងជនរងគ្រោះមួយដៃ និងវាយក្បាលជនរងគ្រោះនិងកាំបិតខាងកំប៉ាតចំនួន ៣ កាំបិត រួចជនរងគ្រោះយកដៃឆ្វេងរង បណ្តាលឲ្យរង របួសមុតដៃចេញឈាម។
សមត្ថកិច្ចប្រាប់បន្តថា មិនតែប៉ុណ្ណោះជនសង្ស័យបានស្ទុះទៅទាត់ជនរងគ្រោះ១ ជើង ហើយជាន់ពីលើជនរងគ្រោះថែមទៀត។ បន្ទាប់ពីវាយធ្វើបាបជនរងគ្រោះអស់ចិត្ត ជនសង្ស័យបានដើរចេញទៅក្រៅធ្វើព្រងើយ ប៉ុន្តែដោយជនរងគ្រោះស្រែកឲ្យអ្នកជិតខាង ជួយ ទើបឮដល់សន្តិសុខដែលយាមកាមក្បែរនោះ ចេញមកជួយចាប់ជនសង្ស័យប្រគល់ ឲ្យនគរបាលប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការសួរនាំ។
សមត្ថកិច្ចប្រាប់បញ្ជាក់បន្តឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើការសាកសួរ ជំហ៊ាន នៅប៉ុស្តិ៍នគរបាលចោមចៅ បានបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តទៀត៕



































