កំពង់ឆ្នាំង៖សមត្ថកិច្ចក្រុងកំពង់ឆ្នាំងនិងប្រជាពលរដ្ឋមួយក្រុម បាននាំគ្នាប្រដេញតាមនិងស្ទាក់ចាប់បានចោរអស់លក្ខ័ម្នាក់ នៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០ ១៥ នៅមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខណះ ដែលគេធ្វើសកម្មភាពលួចយកម៉ូតូគេ១គ្រឿងជិះចេញបាន២០ម៉ែត្រ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ចោរខាងលើ
នេះមានឈ្មោះ ឆយ រួន ហៅអាឆ្វេង អាយុ២៧ឆ្នាំ មានប្រពន្ធកូនរស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។ចំណែកម្ចាស់ម៉តូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-2247 ឈ្មោះ រស់ សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មុនពេលកើតហេតុបុរសជាម្ចាស់ម៉ូតូបានមកសួរសុខទុក្ខមិត្តភ័ក្រព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យខេត្ត ដោយចតម៉ូតូនៅខាងក្រៅជាប់ក្លោងទ្វារធំរបស់មន្ទីរពេទ្យ ដោយទុកសោរជាប់នៅនឹងម៉ូតូ ចំណែករូបគេជាម្ចាស់ម៉ូតូនៅឈរក្បែរម៉ូតូ។ខណៈនោះចោរខាងលើបានចេញពីមើលឪពុកឈឺដេកក្នុងមន្ទីរពេទ្យខេត្តមក ក៏បានឡើងលើម៉ូតូនោះបញ្ឆេះបើកយកទៅតែម្តង ពេលនោះម្ចាស់ម៉ូតូស្រែកខ្លាំងៗថាចោរលួចម៉ូតូៗ..!! ហើយរត់ដេញតាម។
ក្នុងពេលនោះដែរអ្នកនៅជិតខាងក៏បានជិះម៉ូតូទៅស្ទាក់ពីមុខ និងរត់ឡានតាក់ស៊ី និងនគរបាលនៅប្រចាំការមុខមន្ទីពេទ្យ ក៏បាននាំគ្នារត់ដេញនិងស្ទាក់ចាប់ចោរនោះបានតែម្តង ហើយនាំគ្នាព្រមានដោយវាយ១ដៃនិងទាត់១ជើងម្នាក់ៗឡើងទ្រោមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិចោររូបនេះ រឹងរុះណាស់មិនបានប្រាប់ពីបំណងរបស់គេនៃការលួចម៉ូតូនេះយកទៅណា ដើម្បីអ្វីនោះឡើយ ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ចអោយដឹងថា៖ នៅក្នុងភូមិត្រពាំងរាំង ដែលជាលំនៅដ្ឋានរបស់គេ អ្នកស្រុកក្នុងភូមិបានបាត់ម៉ូតូជាច្រើនគ្រឿង
មកហើយ ដែលការបាត់ទាំងនោះសង្ស័យថាមានការទាក់ទងនិងចោររូបនេះ។
ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចនគរបានព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំង កសាងសំណុំរឿង
បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអោយការិយាល័យជំនាញកសាងសំណុំរឿងបន្ថែមតាមផ្លូវច្បាប់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕


































