ភ្នំពេញ៖ ចោរមួយក្រុមបំរុងធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ តែមិនបាន សម្រេច ត្រូវម្ចាស់ផ្ទះប្រទះឃើញធ្វើអោយក្រុមចោររត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ប្រជាការពារភូមិនិងសមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ខែមិនាឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៣៥៧ ស្ថិតក្នុង កណ្ដាល១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅវេលាម៉ោងកើតហេតុមានស្ត្រី២នាក់ស្នាក់នៅ ក្នុងផ្ទះមួយកន្លែងមានច្រកចូលផ្ទះកែងផ្លូវលេខ៣៥៧ ឮសម្លេងសត្វឆ្កែព្រុះមិនឈប់ ហើយសង្ស័យ មានចោរចូលលួចទ្រព្យសម្បត្តិ ដោយពួកនាងជាស្រីៗមានការភ័យខ្លាចក៏បានទូរស័ព្ទ ហៅឪពុក ដែលចេញទៅក្រៅមិនទាន់ត្រឡប់មកផ្ទះអោយប្រញ៉ាប់មកផ្ទះ ពេលឪពុក
នាងមកដល់ក៏ឃើញ ក្រុមចោរមានគ្នាប្រមាណ២-៣នាក់បំរុងលួចយកទ្រព្យសម្បត្តិគ្រាន់តែក្រឡេកឃើញគាត់ពួកវា ក៏ចែកជើងគ្នារត់គាត់បាត់ គាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចសុំការអន្តរាគមន៍ ភ្លាមៗប្រជាពលរដ្ឋ ប្រជាការពារភូមិជាច្រើនអ្នកបានតាមរុករកក្រុមចោរទាំងនោះដែរប៉ុន្តែរកមិនឃើញ៕



































