ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ ថា លោកមានសុខភាព និង ស្មារតីល្អ បន្ទាប់ពីជនជាតិកូរ៉េខាងត្បូងម្នាក់បានវាយប្រហារដោយកាំបិតប្រវែងប្រមាណ ២៥សង់ទីម៉ែត្រ ទៅលើមុខ និង ដៃរបស់លោកកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Mark Lippert បានត្រូវគេយកទៅព្យាបាលនៅមន្ទីរពេទ្យមួយ ហើយវេជ្ជបណ្ឌិតបានដេររបួសរបស់លោក ៨០ ថ្នេរ ដែលមាន ប្រវែងរង្វះរបួស ១១ សង់ទីម៉ែត្រនៅលើផ្ទៃមុខ ។
ជាមួយគ្នានេះ បណ្តាញផ្សាយព័ត៌មានកូរ៉េខាងជើង បានចេញសេចក្តីរាយការណ៍ និង ចាត់ទុកការវាយប្រហារទៅលើលោកឯកអគ្គរដ្ឋទូត Lippert ដោយការប្រើកាំបិទនេះថា ជារឿងត្រឹមត្រូវ និង ជាទណ្ឌកម្មមួយសម្រាប់ក្រុមមនុស្សដែល ល្មោភនឹងសង្គ្រាមសាកសមនឹងទទួល ។
ជាងនេះទៅទៀត រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនិយាយថា ការវាយប្រហារនេះបង្ហាញថា មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើនមានគំនិតប្រឆាំងទៅនឹងការធ្វើសម យុទ្ធយោធារវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលកំពុងធ្វើឡើងនៅសប្តាហ៍នេះ ដូចទៅនឹងការជំទាស់ប្រឆាំងពីកូរ៉េខាងជើងផងដែរ ៕