ខេត្តរតនគីរីៈ នៅរសៀលម៉ោង៣.៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ អធិការនគបាលស្រុកអូរជុំ រួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្ត នគបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ និងអធិការកិច្ចយោធា បានសហការណ៍គ្នា ស្ទាក់ចាប់បានរថយន្តដឹកឈើប្រណិតមួយគ្រឿង តាមបណ្ដោយផ្លូវលេខ៧៨អា ពីស្រុកវើនសៃចូលក្រុងបានលុង ស្ថិតនៅភូមិថារងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកអូរជុំ។
លោក ថាក់ ឡៅ អធិការនគបាលស្រុកអូរជុំ បានអោយដឹងថា រថយន្តដែលបង្ក្រាបបាននៅពេលនេះ គឺរថយន្តឡង់គ្រីស័រ ព៌ណសំបកឪលឹក ពាក់ស្លាកលេខ ភ្នំពេញ 2G.7499 ដឹកឈើប្រណិតប្រភេទធ្នង់ដែលមានមុខកាត់ ១០X៤០សង់ទីម៉ែត្រ ប្រវែង៨តឹក ចំនួន២៣ដុំ ស្មើនិង០.៥៨៨ម៉ែត្រគូប។ លោកបន្តថា រថយន្តលួចលាក់ដឹកឈើប្រណិតខុសច្បាប់នេះ
ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា កំពង់ធ្វើចរាចរណ៍ចេញពីទឹកដីស្រុកវើនសៃ មកកាន់ស្រុកអូរជុំ ហេតុដូច្នេះហើយកម្លាំងរបស់លោកធ្វើការសហការណ៍ ជាមួយកម្លាំងទាំង៣ខាងលើ ធ្វើការស្ទាក់ចាប់បានត្រង់ចំណុចខាងលើនេះ។
បើយោងតាមប្រភពព័ត៌មាន បានអោយដឹងថា ម្ចាស់រថយន្តដឹកបទល្មើសខាងលើ
មានឈ្មោះ ថោង សុខឡាយ ជាមន្ត្រីយោធា ព័ត៌មានអគ្គបញ្ជាការកងទ័ព ហើយឈ្មោះលោក ថោង សុខឡាយ នេះបានបើកបររថយន្តដោយខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះទេ បច្ចុប្បន្ន លោកកំពង់ប្រើតួរនាទី២ ជាសមត្ថកិច្ចផង ជាអ្នករកស៊ីដឹកឈើប្រណិតផង។
ហើយកន្លងមកសមត្ថកិច្ចធ្លាប់បានចាប់រថយន្តលោក ម្ដងរួចមកហើយ ក៏ប៉ុន្តែនៅតែមិនរាងចាលដដែល។បច្ចុប្បន្នវត្ថុតាង ទាំងរថយន្តនិងឈើប្រណិត ត្រូវបានកម្លាំងចំរុះបញ្ជូនទៅអោយជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ ចាត់ការបន្តតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋរងចាំមើលថា កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ចាត់វិធានការយ៉ាងណាចំពោះករណីខាងលើនេះ៕
ឡុង សារ៉េត