ក្រុមអ្នកត្រួតពិនិត្យ តាមដានជម្លោះ នៅក្នុងប្រទេស ស៊ីរី បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោច ណាស់ក្រុមឧទ្ទាមរដ្ឋឥស្លាមចំនួន ២៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែនអាកាស ពីសំណាក់ យោធាស៊ីរី នៅទីតាំងខេត្ត ហាម៉ា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែក តាមការលើកឡើងរបស់ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីថា ក្រុមយន្តហោះចម្បាំងស៊ីរី បានបើកការ វាយប្រហាររយៈពេល ២ថ្ងៃ ប្រឆាំងនឹងក្រុមឧទ្ទាម IS នៅទីប្រជុំជន អូកេបាត់ ស្ថិតនៅភាគខាងកើតជាយក្រុង ហាម៉ា។
ក្រុមអ្នកអង្កេតការណ៍បន្តថា ការវាយប្រហារនោះ បណ្តាលឲ្យមេបញ្ជាការរបស់ឧទ្ទាម IS ២នាក់ស្លាប់ ហើយ ម្នាក់ក្នុងចំណោមពីរនាក់ដែលស្លាប់នោះ មិនមែនជាជនជាតិស៊ីរីនោះទេ។
លើសពីនេះទៀត ក្រៅពីការវាយប្រហារដែនអាកាសពីសំណាក់កងកម្លាំងស៊ីរីហើយ ក៏មានការប៉ះទង្គិចគ្នាយ៉ាង ក្តៅគគុកមួយផងដែរ កាលពីថ្ងៃសៅរ៍ រវាងក្រុមកងកម្លាំងពួកឃឺដ និងក្រុមឧទ្ទាម រដ្ឋឥស្លាម ដែលបានឡោមព័ទ្ធ ទីក្រុង តាល់តាំ ស្ថិតនៅភាគឦសានខេត្ត ហាសាកា។