​សាលា​ឧ​ទ្ឋ​រណ៍​កាត់ទោស​ក្រុម ហេង ពៅ ៤​សំណុំរឿង​ធំៗ​

0

​ភ្នំពេញ ៖ លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង គូកន​២​នាក់ ត្រូវ សាលា​ឧ​ទ្ឋ​រណ៍ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ កាត់ទោស​៤​សំណុំរឿង​ធំៗ ។ ​សំណុំ​រឿងនេះ រួមមាន ការ​រក្សាទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​២​ករណី និង ករណី​បាញ់សម្លាប់​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព ក្នុង​ឆ្នាំ​១៩៩៨ ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧ​ទ្ឋ​រណ៍ បានធ្វើការ​សួរដេញដោល ម្តង​មួយ​សំណុំរឿងៗ​។ ​អនុប្រធាន​សាលា​ឧ​ទ្ឋ​រណ៍ លោក សេង ស៊ី​វុត្ថា បាន​ថ្លែង​ក្នុង​សវនាការ ថា ឈ្មោះ ហេង ពៅ អាយុ​៥៦​ឆ្នាំ និង ប្រព​ន្ឋ​ឈ្មោះ ងិន សុធាវី (​គេចខ្លួន​) ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ចោទប្រកាន់​ពីបទ​រក្សាទុក​ប្រាក់ ដុល្លារ​ក្លែងក្លាយ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​នេះ គឺ​សមត្ថកិច្ច​បាន រឹបអូស​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៣០០​សន្លឹក សុ​ទ្ឋ​តែ​ក្រដាស​១០០​ដុល្លារ ។ ក្រោយ​រឹបអូស បាន​វត្ថុតាង គណៈកម្មការ​ចម្រុះ​បានរៀបចំ​សំណុំ​ឯកសារ​ប្តឹង​លោក ហេង ពៅ និង ប្រព​ន្ឋ ឡើង តុលាការ ។​ ​យោងតាម​អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៧ បាន​ផ្តន្ទាទោស លោក ហេង ពៅ ១៤​ឆ្នាំ និង ប្រព​ន្ឋ ដាក់​២០​ឆ្នាំ គិតពី​ថ្ងៃ​ចាប់ខ្លួនបាន ។

ប៉ុន្តែ​សាល ក្រម​នេះ ត្រូវបាន​លោក ហេង ពៅ ប្តឹង​ឧ​ទ្ឋ​រណ៍ ។ ​លោក ហេង ពៅ បាន​និយាយ​ក្នុង​សវនាការ ថា ការឆែកឆេរ​រកប្រាក់​ដុល្លារ​ក្លែងក្លាយ នេះ គឺធ្វើឡើង ដោយ​មិនមាន មេធាវី​ចូលរួម សម្រាប់​បំពេញ​នីតិវិធីតុលាការ នោះទេ ។ លោក ហេង ពៅ បញ្ជាក់ថា “ ធ្វើឡើង ដោយ​អត់​មេធាវី លោក ម៉ក់ ជី​តូ មានទំនាស់​នឹង​ខ្ញុំ ក្រដាសប្រាក់​ក្លែងក្លាយ នោះ​គឺ​លោក ម៉ក់ ជី​តូ ជា​អ្នក​យកមក​ដាក់​លើ​ទុក​ជំនួយការ​របស់ខ្ញុំ ដែល​អ្នកណា​ក៏​អាច​ចេញ ចូល​បានដែរ ” ។ ​លោក តាន់ សេណា​រ៉ុង តំណាង​មហាអយ្យការ បាន​សន្និដ្ឋាន ថា សូម​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិនិត្យឡើងវិញ​ចំពោះ​សំណុំ​រឿងនេះ ។ លោក ថា “​អង្គ​ហេតុនេះ​ពិតជា​មិន​ច្បាស់លាស់​មិនអាច ទទួលយកបាន ក្រដាសប្រាក់​នេះ​ត្រូវ​ឆ្លងកាត់​ធនាគារជាតិ សិន ទើប​អាច​យកជាការបាន សូម​ឲ្យ​សម្រេច ជា​មោ​ឃៈ ” ។​ ​

សំណុំរឿង​ទី​២ ៖ លោក ហេង ពៅ ត្រូវបាន​ចោទប្រកាន់ ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​ប្រព្រឹត្ត​កាលពី​ខែមីនា មេសា ឆ្នាំ​២០០៣ ។ ជនរងគ្រោះ គឺជា​ជនសង្ស័យ ក្នុង​បទល្មើស​ប្លន់ ដែល​ក្រុម​លោក​ហេង ពៅ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ហើយ​តុលាការ បានសម្រេច​មិន​ឃុំខ្លួន ក៏ ត្រូវ​លោក ហេង ពៅ បញ្ជា​ឲ្យ​ចាប់ខ្លួន​បង្ខាំង​ទុក​នៅ អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក រយៈពេល​ជាង​២​ខែ ដោយ​គ្មាន​ដីកា​សម្រេច​ពី​តុលាការ​។ អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លោក ហេង ពៅ ដាក់​ព​ន្ឋ​នាគារ ៥​ឆ្នាំ ។​

​លោក ហេង ពៅ បដិសេធ ថា រាល់​ការ​បង្ខាំង​ជនរងគ្រោះ​ឈ្មោះ​ចាន់ សៀ​ប គឺធ្វើឡើង​តាម ការបញ្ជា​របស់​ថ្នាក់លើ​ប៉ុណ្ណោះ ។ លោក ថា “ ថ្នាក់លើ​អ្នកបញ្ជា ហើយ​ឈ្មោះ ចាន់ សៀ​ប ឲ្យ​ប្រាក់ ៤​ម៉ឺន​ដុល្លារ បញ្ចប់រឿង​តែ​ខ្ញុំ​មិន​ព្រមយក ខ្ញុំ​អត់​បាន​បញ្ជា​ទេ ” ។ ​តំណាង​មហាអយ្យការ សូម​ឲ្យ​សាលា​ឧ​ទ្ឋ​រណ៍ ពិនិត្យមើល​គុណសម្បត្តិ​របស់លោក ហេង ពៅ ដែល​បា​នព​លិ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ជួយ​ប្រទេសជាតិ ទុកជា​ស្ថានសម្រាលទោស សម្រាប់​គាត់ ។ ​សំណុំរឿង​ទី​៣ ៖ លោក ហេង ពៅ និង កូនចៅ ឈ្មោះ លី រ៉ាស៊ី ត្រូវបាន​ចោទប្រកាន់​ពីបទ បង្ខាំង​មនុស្ស​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០០៥ ដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០០៥ ។

ជនរងគ្រោះ ឈ្មោះ ហេង គឹម​លាង គឺជា​អ្នកយក​ប្រាក់​ទៅ​សូកប៉ាន់​ចៅក្រម ឲ្យ​ដោះលែង ជនល្មើស​ក្រុម​ប្រដាប់អាវុធ ប្លន់​កក្រើក ក្នុង​សង្កាត់​អូរឫស្សី​ទី​២ ដែល​ត្រូវ​ក្រុម លោក ហេង ពៅ ឃាត់ខ្លួន​បញ្ជូន ទៅ​តុលាការ ហើយ​តុលាការ​ឃុំខ្លួន ក្រុម​ជនល្មើស​បាន​មួយរយៈ ក៏ សម្រេច ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ។ ប៉ុន្តែ​ក្រុម​លោក ហេង ពៅ បាន​ចាប់ខ្លួន​មកវិញ ដោយ​គ្មាន​ការសម្រេច​ពី​តុលាការ ហើយ​បន្ត​ចាប់​ឈ្មោះ ហេង គឹម​លាង ទៀត ។

ក្រោយមក​ជនល្មើស​ទាំង​អស់​ត្រូវ​បញ្ជូនទៅ​តុលាការ​ម្តងទៀត នៅសល់តែ​ឈ្មោះ ហេង គឹម​លាង ប៉ុណ្ណោះ ត្រូវ​ឃុំខ្លួន​នៅ​កន្លែង​ប៉ូលិស ជាច្រើន​ខែ ។ អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស លោក ហេង ពៅ និង លី រ៉ាស៊ី ដាក់​ព​ន្ឋ​នាគារ ម្នាក់ៗ​៧​ឆ្នាំ និង​សង ទៅ​ជនរងគ្រោះ ២៥០០០ ដុល្លារ ។​ ​

លោក ហេង ពៅ ប្រាប់​តុលាការ​ថា ក្រុម​ជនល្មើស​ទាំងនោះ បាន​ប្លន់​យ៉ាង​កក្រើក​ពេញទី​ក្រុង ភ្នំពេញ ហើយ​ខ្លួន​បាន​បង្ក្រាប​និង​រឹបអូស​បាន​មាស​ជាង​៦​គីឡូក្រាម ។ ក្រោយមក​បាន​ចាប់​បញ្ជូនទៅ តុលាការ​ដើម្បី​ធ្វើការ​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ ។ ប៉ុន្តែ​ឈ្មោះ ហេង គឹម​លាង បាន​រត់ការ​យកប្រាក់ សូកប៉ាន់​ចៅក្រម ដោះលែង​ក្រុម​ជនល្មើស​វិញ ។ ក្រោយ​ទទួលបាន​បញ្ជា​ពី​ថ្នាក់លើ ខ្លួន​ក៏​ឃាត់ខ្លួន ឈ្មោះ ហេង គឹម​លាង តែម្តង​។

ចំណែក លី រ៉ាស៊ី ក៏បាន​ឆ្លើយ​ដូចគ្នា​នឹង ហេង ពៅ ផងដែរ ។​ ​សំណុំរឿង​ទី​៤ ៖ លោក​ហេង ពៅ លោក លី រ៉ាស៊ី លោក ហេង ផៃ និង លោក ហេង វ៉េង (​គេចខ្លួន​) ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​ទៅលើ​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត កោះ​សែត កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​១៩៩៨ នៅ​ចំណុច​ក្នុង​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ ខណៈ​ក្រុមគ្រួសារ ថុង អ៊ុយប៉ាង ធ្វើ​ពិធីបុណ្យ​ឆ្លង​ចេតិយ​របស់​ឳ​ពុក​របស់លោក ។

ក្រុម​ជនល្មើស មាន​គ្នា​២​នាក់ បាន​បាញ់​មកលើ​លោក ថុង អ៊ុយប៉ាង ចំ​ដើមទ្រូង​ឆ្វេង ដើមទ្រូង​ស្តាំ តែ​មិន​បណ្តាល ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ។ ចំណែក​ជនល្មើស​ម្នាក់ ក៏ត្រូវ​អង្គរក្ស​លោក​ថុង អ៊ុយប៉ាង បាញ់​ឲ្យ របួស​ដៃ​ឆ្វេង ផងដែរ ។​ ​អង្គ​ហេតុនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស ឈ្មោះ លី រ៉ាស៊ី ឈ្មោះ ហេង ផៃ ឈ្មោះ ហេង វ៉េង (​គេចខ្លួន​) ដាក់​ព​ន្ឋ​នាគារ​ម្នាក់ៗ​១៨​ឆ្នាំ ពីបទ​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន និង ផ្តន្ទាទោស ឈ្មោះ ហេង ពៅ ដាក់​ព​ន្ឋ​នាគារ​១៦​ឆ្នាំ ពីបទ​សមគំនិត​ក្នុង​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន ។

តុលាការ បាន​បង្គាប់​ឲ្យ​ពួកគេ​សង​ប្រាក់​ដល់​លោក ថុង អ៊ុយប៉ាង ចំនួន​១៧​ម៉ឺន​ដុល្លារ ។ ក្នុង​សវនាការ ជនជាប់ចោទ ទាំង​៣​នាក់ បាន​បដិសេធថា​ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ នោះទេ ។ ​ទោះបីយ៉ាងណា ក្រោយ​ការសួរដេញដោល អស់​ពេល​ជាច្រើន​ម៉ោង ចៅក្រម​បាន​លើក​ពេល ប្រកាស​សាលដីកា​ទៅ​៤​សំណុំ​រឿងនេះ ទៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៤ ខាងមុខនេះ ៕ 01 02