សៀមរាប : នាព្រឹកថ្ងៃចុងសប្តាហ៍ ខែមីនាឆ្នាំ២០១៥ កន្លងទៅនៅក្នុងពន្ធធានាគារខេត្តសៀមរាបមានរៀបចំធ្វើទិវាអន្តរជាតិនារី ៨មីនាលើកទី១០៤ ឆ្នាំ២០១៥ដោយ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឆែម សាវុធ ប្រធានពន្ធធានាគារខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងពន្ធធានាគារ មន្ត្រីអនុរក្ស ភរិយាមន្ត្រីអនុរក្ស និងស្រី្តដែលជាជនជាប់ឃុំជា ច្រើនរូបបានចូលរួមផងដែរ ។លោក ឆែម សាវុធ ប្រធានពន្ធធានាគារខេត្តសៀមរាបបានមានប្រសាសន៍ថា អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពី៣ទសវត្សរ៍
កន្លងទៅ ក្នុងអំឡុងឆ្នាំ១៩៧៥និងជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ន ស្ត្រីកម្ពុជា ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងវិស័យសេដ្ឋកិច្ចសង្គម និងនយោបាយជាពិសេសក្នុងកិច្ចការសាធារណៈនារីក្នុងរចនាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ច
ព្រមទាំងនៅក្នុងវិស័យឯកជន វិស័យកសិកម្មពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ស្ត្រីលើគ្រប់វិស័យនៅក្នុងសង្គមបានធ្វើឲ្យអត្រាការងាររបស់ស្ត្រីនៅកម្ពុជាមានកម្រិតខ្ពស់ជាងគេបំផុតក្នុងតំបន់ និងបន្តកើនឡើងជាលំដាប់។
លោក ឆែម សាវុធ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពដែលក្នុងនោះបានចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិរាជរដ្ឋាភិបាលកម្ពុជាបានតែងតាំងស្ត្រីក្នុងមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងតែងតាំងមន្ត្រីរដ្ឋបាលចាប់ពីថ្នាក់មន្ត្រីរហូតដល់ថ្នាក់អគ្គនាយក។ ទន្ទឹមនេះស្ត្រីក្នុងតួនាទីដឹកនាំរដ្ឋបាលនៅថ្នាក់ក្រោមជាតិក៏មានចំនួនកើនឡើងជារួម យើងសង្កេតឃើញថាអត្រានៃការតែងតាំងមន្ត្រីជាស្ត្រីមានការកើនឡើងរៀងរាល់អាណត្តិផងដែរ ។
លោក ឆែម សាវុធ ប្រធានពន្ធធានាគារខេត្តសៀមរាបបានលើកឡើងថា នៅក្នុងបរិបទនៃការជំរុញសមភាពយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាស្ថាប័នឈានមុខគេមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម តាមរយៈការរៀបចំនិងការអនុវត្តគោលនយោបាយជាតិសំខាន់ៗ រួមមាន ការៀបចំច្បាប់បោះឆ្នោតការរៀបចំច្បាប់អង្គការ កម្មវិធីជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈនិងកំណែទម្រង់វិស័យនគរបាលជាតិជាដើម។
ទន្ទឹមនេះក្រសួងសេដ្ឋកិច្ចក៏បានយកចិត្តទុកដាក់លើកកំពស់ការបញ្ចូលបេក្ខភាពស្ត្រីទៅក្នុងតួនាទីដឹកនាំនៅគ្រប់វិស័យក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័របានធ្វើឲ្យមានការប្រែប្រួលគួរឲ្យកត់សម្គាល់ទៅលើការផ្លាស់ប្ដូរទស្សនៈឥរិយាបថនិងអាកប្បកិរិយារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំស៊ីវិលនិងសេដ្ឋកិច្ចក្នុងការបង្កើនការទទួលខុសត្រូវនិងឆន្ទៈ
ក្នុងការលើកកម្ពស់សមភាព ទាំងក្នុងក្របខ័ណ្ឌការងារក្នុងគ្រួសារ និងក្នុងសង្គម ជាពិសេសសមធម៌ក្នុងការទទួលបានឋានន្តរសក្តិ តួនាទី មុខតំណែងនិងការចូលរួមរបស់មន្ត្រីជាស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត។ដោយលោក ឆែម សាវុធ បានបញ្ជាក់ថាការចូលរួមរបស់មន្ត្រីសេដ្ឋកិច្ចជាស្ត្រីក្នុងវិស័យការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាកត្តាមិនអាចខ្វះបានក្នុងការរួមចំណែកលើកកម្ពស់គុណភាពនៃការបំពេញភារកិច្ចជំនាញ និងការផ្តល់
សេវាសាធារណៈសំដៅពង្រឹងការអនុវត្តន៍សង្គមធានាបានសុវត្ថិភាពរបៀបរៀបរយសង្គម។
ដោយត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ស្របតាមទស្សនវិស័យនិងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តនិងផ្តល់ការគាំទ្រដើម្បីឲ្យស្ត្រីទទួលបានឱកាសធនធាននិងផលប្រយោជន៍ ។ បន្តមកអង្គពិធីក៏បានធ្វើការប្រគល់ជូននូវវត្ថុកំដរដៃដល់ ស្រី្តដែលជាមន្ត្រីអនុរក្សភរិយាមន្ត្រីអនុរក្ស និងស្រី្តដែលជាជនជាប់ឃុំក្នុងពន្ធធានាគារខេត្តសៀមរាប ទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃអបអរសាទរទិវាអន្តរជាតិនារី ៨មីនាលើកទី១០៤ ឆ្នាំ២០១៥ ក្រោមប្រធានបទដំណើរឆ្ពោះទៅមុខស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រី ពិភពលោកឆ្នាំ១៩៩៥៕ ដោយគឿនវ៉េត



































