ភ្នំពេញ៖ អតីតក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ឈ្មោះ សួង សុងហេង ដែល បានប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់ រំលោភអំណាចតុលាការ ក្លែងឯកសារតុលាការ និង ផ្តល់សេចក្តីសម្រេចដោយភូតកុហក នោះ ត្រូវបានលោកចៅក្រមសួស សំអាត ប្រធានក្រុមប្រឹក្សា សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ផ្តន្ទាទោសដាក់ ពន្ឋនាគារ៥ឆ្នាំ តែអនុវត្តទោសត្រឹមតែ២ឆ្នាំ ប៉ុណ្ណោះ ។
ចំណែកគូកន២នាក់ទៀត ដែលចូលរួមប្រព្រឹត្ត អំពើពុករលួយដែរនោះ ក៏ត្រូវបានតុលាការផ្តន្ទាទោសផងដែរ ។ លោកចៅក្រម បានសម្រេចផ្តន្ទាទោស ឈ្មោះសួង សុងហេង ភេទប្រុស អាយុ២៨ឆ្នាំ ដាក់ពន្ឋនាគារ៥ឆ្នាំ តែអនុវត្តទោស២ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពីបទ ស៊ីសំណូក និង រំលោភអំណាច ផ្តន្ទាទោសឈ្មោះសេម សុខា ភេទស្រី អាយុ៤២ឆ្នាំ ដាក់ពន្ឋនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទ សមគំនិតក្នុងអំពើស៊ីសំណូក និង រំលោភអំណាច ក្លែងបន្លំឯកសារ និងផ្តល់សេចក្តីប្រកាសដោយភូតកុហក ។
ផ្តន្ទាទោសឈ្មោះ អ៊ួយ សុភាព ភេទប្រុស អាយុ៦៩ឆ្នាំ ជាប្រធានក្រុមហ៊ុនលាយស៊ីម៉ង់ត៍ដំរីនៅក្រុងប៉ោយប៉ែត និង ជាម្ចាស់ការដ្ឋានសំណង់ភោជនីយដ្ឋានដ៏ធំនៅជើងភ្នំស្វាយ ក្រុងសិរីសោភ័ណ ដាក់ពន្ឋនាគារ ៥ឆ្នាំ តែអនុវត្តទោស ៣ឆ្នាំ ពីបទ សូកប៉ាន់។ ក្រឡាបញ្ជីឈ្មោះ សួង សុងហេង និង ឈ្មោះសេម សុខា បានត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅក្នុងការិយាល័យក្រឡាបញ្ជីរូបនេះក្នុងតុលាការខេត្តបន្ទាយមានជ័យ ។
លុះមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់រាជធានី សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនឈ្មោះ អ៊ួយ សុភាព ក្នុងរឿងស៊ីដាច់ប្រាក់របស់ជនជាតិអាល្លឺម៉ង់ជាង៥០ម៉ឺនដុល្លារ រួចក៏ធ្លាយរឿងសូកប៉ាន់ប្រាក់៥០០ដុល្លារ ដល់ក្រឡាបញ្ជីឈ្មោះសួង សុងហេង តែម្តង។
ដើមចមដែលនាំឲ្យមានការផ្តន្ទាទោសនេះ គឺ កើតឡើងកាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០១៣ ខណៈ ក្រឡាបញ្ជី ឈ្មោះសួង សុងហេង ជាអ្នកទទួលបន្ទុកក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍២ករណី និងឈ្មោះ សេម សុខា បានរួមគំនិតគ្នាប្រើល្បិចកលដើម្បីទារប្រាក់ពីភាគីម្ខាងទៀតចំនួន៣ពាន់ដុល្លារ ដោយការក្លែងឯកសារ និង តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងការទាមទារសំណង ហើយយក ប្រាក់ទាំងនោះមកចែកគ្នា ប្រើប្រាស់ផ្ទាល់ខ្លួន។
ក្រៅពីនេះទៀតឈ្មោះ សួង សុងហេង ក៏បានទទួលប្រាក់ពីឈ្មោះអ៊ួយ សុភាព ចំនួន៥០០ដុល្លារ ដើម្បីជំរុញនិងជួយពន្លឿនសំណុំរឿងប្តឹងជនជាតិអាល្លឺម៉ង់ទៅបើកសវនាការជំនុំជម្រះ ផងដែរ ៕