​ចោរប្លន់​ប្រដាប់អាវុធ​វាយ​បំបែក​ទូ​រមាស់​ផ្សារ​ស្ទោង​វិច​មាស​ទៅដោយ​សុ​វត្តិភាព​

0

​កំពង់ធំៈ ចោរប្លន់​ប្រដាប់ បានធ្វើ​សកម្មភាព ប្លន់​ឆៅៗ​នៅក្នុង​ផ្សារ​ស្ទោង បង្ករ​ភាពភ័យខ្លាច ដល់​អាជីវករ ក្នុង​ផ្សារ ដោយសារ​តែមាន​ករណី​ចោរ​ស​ប្លន់​ទូរ​មាស​ចំនួន ៤​ទូរ​ហើយ​បាន​វិច​មាស​រត់​ទៅដោយ​សុ​វត្តិភាព កាលពី​វេលា​រសៀល​ម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែ មិនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ត្រី យ៉ង់ សំ អធិការ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន ក្រុមចោរ​ចំនួន ៦ នាក់​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នកទិញ​មាស លុះ​បាន​ឳ​កាស​ស្ងាត់ ក៏​យក​កាំភ្លើង អាកា ចំនួន ២​ដើម ភ្ជង់​ម្ចាស់ ទូរ​មាស ព្រមទាំង​បាន​វាយ​បំបែក​ទូរ​យក​មាស រត់​ចេញទៅ ក្រោយពី​ចោរ​បានធ្វើ​សកម្មភាព​ប្លន់​រួច លោក​បាន សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​កំលាំង​ផ្នែក​សឹក​រង​ស្រុក​ស្ទោង និង​កំលាំង​អធិការ ចុះ​តាម​យ៉ាង​កកិត​ពីក្រោយ​ចោរ​ទាំង​៦​នាក់ លោក​បាន​បន្តទៀតថា មុខសញ្ញា​ចោរ​ទាំងនេះ បាននាំគ្នា​រត់​មក ផ្នែក​ខាងក្រោម នៃ​បឹង​ទន្លេសាប រហូតមកដល់​វេលា​ម៉ោង ១០​យប់​ថ្ងៃកើតហេតុ សមត្ថកិច្ច​កំពុងតែ​ហុំ​ព័ទ្ធ ព្រៃរនាម​នៅឡើយ ដោយ​សង្ស័យថា ក្រុមចោរ​បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​នេះ​លិច​ទឹក​នេះ​។​
រហូតមកដល់​ពេលនេះ​ត្រូវបាន​សម​ត្ត​កិច្ច សរុប​ពីរ​ការបាត់បង​ចំនួន ទ្រព្យសម្បត្តិ ព្រមទាំង ឈ្មោះ​ម្ចាស់​ទូ​មាស​ទាំង​៥​នាក់ ទី​១ ឈ្មោះ អ៊ឺ​ង​ប៊ុន​ចាយ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ទី​២ ឈ្មោះ អ៊ឺ​ង ប៉ោ​ហួយ អាយុ​២២​ឆ្នាំ ទី​៣ ឈ្មោះ ហ៊ុ​ង​សុ​ផា​រី អាយុ​៣៣​ឆ្នាំ ទី​៤​ឈ្មោះ​ហ៊ួ​ន សំ ចាន់ អាយុ​៤៥​ឆ្នាំ អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ ឈើទាល ឃុំ​កំពង់ចិនត្បូង ស្រុក ស្ទោង​ខេត្តកំពង់ធំ​ជាមួយគ្នា និង ទី​៥​ឈ្មោះ ស៊ន ឈេ​ង ឡ​ន អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ ជី​យោក ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ សរុប​ទាំងអស់គ្នា បាន​បាត់បង់​មាស​សុទ្ធ ១១១​តំលឹង ផ្លាក​ទីន ៤១​តំលឹង ប្រាក់​ដុល្លា ៣៧០០០​ដុល្លា ប្រាក់​បាត​ថៃ ១​លាន​បាត ព្រមទាំង​ម៉ូតូ សង់​សេរី​២០០២​ចំនួន​១​គ្រឿង​។​
​ចំណែក​លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការរង​ខេត្តកំពង់ធំ ទទួល​ព្រហ្ម​ទ័​ណ្ទ បាន​ដឹកនាំ​កំលាំង​ព័ទ្ធ​នៅ​ឃុំ ប្រឡាយ ព្រមទាំង​កំលាំង​ដ៏​ទៃ បាន​ស្ទាក់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់​ឧក្រិដ្ឋជន​ទាំងនេះ​មក​ផ្តន្ទាទោស​តាមច្បាប់ តែរហូតមកដល់ពេលនេះលោកកែ ខាន់ណារ៉ាបានប្រាប់អោយដឹងថា​កំលាំងយើងមិន​ទាន់ដកនៅឡើយទេ ហើយក៏មិន​ទាន​ទទួលបានលទ្ធផលអ្វីនៅឡើយ​ទេ​​៕
​ដោយ ប៊ុន រិទ្ធី​