សៀមរាបប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសៀមរាប បានបើកការដ្ឋានសាងសង់អាគាររដ្ឋបាល និងអាគារស្នាក់នៅ សរុបចំនួន៤អាគារ ក្នុងនេះមានអាគារសាងសង់ផ្ទាល់ដីចំនួន៤ខ្នង និង អាគារត្រួតជាន់ ( ពីរជាន់ ) ចំនួន១ខ្នង លើទំហំផ្ទៃដី ១១៣ម៉ែត្រ គុណនឹង ៦៣ ម៉ែត្រ ដែលគម្រោងសាងសង់នេះ គឺជាគម្រោងសាងសង់ថ្មី របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការគាំទ្រ និង ជួយឧបត្ថម្ភដោយក្រសួងមហាផ្ទៃ ។ ពិធីបញ្ចុះបឋមសីលា សាងសង់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសៀមរាប បានរៀបចំប្រារព្ធឡើង នារសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ ក្រោមការអញ្ជើញជាអធិបតី ពីសំណាក់នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។
ការដ្ឋានសាងសង់ថ្មី ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសៀមរាប គឺនៅខាងត្បូងផ្ទាល់ទីតាំងប៉ុស្ថិចាស់ ជាប់នឹងទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបើតាមសេចក្តីថ្លែងសំណេះសំណាលបើកការដ្ឋាននោះ នាយឧត្តមសេនីយ៍ សុខ ផល បានបង្ហើបឲ្យដឹងថា ការសាងសង់ថ្មី ប៉ុស្ថិនគរបាលច្រកទ្វារអន្តរជាតិសៀមរាប គឺមានគម្រោងថវិកាប្រមាណជា
១៧ ម៉ឺនដុល្លាអាមេរិក នៅក្នុងនេះ ទឹកប្រាក់ចំណាយលើការសាងសង់ប្រមាណជា ៥០% គឺត្រូវបានក្រសួងមហាផ្ទៃ ជួយឧបត្ថម្ភ ។ថ្លែងនៅក្នុងឱកាសបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់នោះដែរ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឆ្លុះបញ្ចាំងថា ៖ ទីតាំងនិងអាគារចាស់របស់ប៉ុស្ថិនគរបាលច្រកទ្វារអន្តរជាតិសៀមរាប យើងបានអាស្រ័យធ្វើការងារជាច្រើនឆ្នាំមកហើយ តែសម្រាប់បច្ចុប្បន្ន គឺវាតូចចង្អៀត !
ឯកឧត្តមបានបញ្ជាក់ថា ហេតុផលគឺវាស្ថិតនៅត្រង់ថា កំណើនភ្ញៀវចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺមានចំនួនកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នៅក្នុងនោះ មិនមែនមានតែភ្ញៀវទេសចរនោះទេ តែគឺមានទាំងភ្ញៀវធុរកិច្ច និងភ្ញៀវជាប្រតិភូនៃកិច្ចប្រជុំអន្តរជាតិផ្សេងៗ ផងដែរ ។ ឯកឧត្តមបាបនបន្តថា ជាមួយហេតុផលនេះ គឺមិនមែនតែប៉ុ
ស្ថនគរបាលយើងប៉ុណ្ណោះទេ ដែលមានតម្រូវការទីតាំងថ្មីដែលធំទូលាយជាងមុន ដើម្បីប្រសិទ្ធិភាពការងារ ក៏ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននិងកំពុងដំណើរការសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលគ្រោងនឹងទទួលភ្ញៀវចេញចូល តាមច្រកទ្ធារអាកាសយានដ្ឋានអន្តរជាតិមួយនេះ ធានាក្នុង១ឆ្នាំ ៥លាននាក់ ។
នាយឧត្តមសេនីយ សុខ ផល បានគូសបញ្ជាក់ថា ៖ ផ្អែកតាមសូចនាករខាងលើ ការសាងសង់អាគាររដ្ឋបាល និងអាគារស្នាក់នៅនេះ វាជាប្រការចាំបាច់បំផុត សម្រាប់ប៉ុស្ថិនគរបាលច្រកទ្វារអន្តរជាតិសៀមរាប ដែលកំពុងបំពេញភារកិច្ចនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ។ នាយឧត្តមសេនីយ៍ សុខ ផល តាមរយៈនៃពិធីបញ្ចុះបឋមសីលាសាងសង់
សមិទ្ធផលថ្មីនេះ បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ ដែលមិនត្រឹមតែបានគាំទ្រ និងជួយឧបត្ថម្ភសាងសង់ប៉ុស្ថិនគរបាលច្រកទ្វារអន្តរជាតិសៀមរាបប៉ុណ្ណោះទេ តែកន្លងមក ថែមទាំងបានគាំទ្រ និង ផ្តល់លទ្ធភាព ឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តុះបណ្តាល និងប្រើប្រាស់ធនធានមនុស្ស ស្របតាមការវិវត្តន៍នៃទំហំការងារ ផងដែរ ៕ ដោយ លោក ខេង ខេមរា



































