ខេត្តត្បូងឃ្មុំ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធរ ជ្រុះធ្មេញពេញរនាបផ្ទះ ដោយសារតែបុរសម្នាក់ អាងខ្លួនជាមន្ត្រីនគរបាល ប៉ុស្តិ៍ឃុំពាមជីទ្បាំង ស្រុកត្បូងឃ្មុំ ទាត់ចំផ្គាម់ផ្ទួនៗគ្នា ចំនួន៤ជើង ហេតុការណ៍នេះ បានកើតទ្បើងនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈើទាលទី១ ឃុំពាមជីទ្បាំង ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះមានឈ្មោះ សម្បត្តិ សម្បន្ន ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាគ្រួសារក្រីក្រនៅក្នុងភូមិ ។ តាមការឲ្យដឹងពីម្តាយជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់ខ្លួនបានផឹកស្រា ជាមួយប្អូនប្រុសឈ្មោះ សម្បត្តិ ព្រួញ នៅលើផ្ទះរបស់ខ្លួន លុះផឹកស្រវឹង ក៏នឹងឃើញរឿងធ្លាប់មានជំលស់ ជាមួយអ្នកជិតខាងម្នាក់ ឈ្មោះ ថន់ រុង ភេទស្រី
ពេលនោះ ឈ្មោះ សម្បត្តិ សម្បន្ន ក៏បានទាញកាំបិត ដើរទៅឈរខាងមុខផ្ទះរបស់ ថន់ រុង ហើយស្រែកថា ហេតុអ្វីបានជាមីង ដេមដាមដាក់ខ្ញុំ អាងខ្ញុំក្ររឺយ៉ាងមេច បានជាមើលងាយខ្ញុំ ឃើញដូចនោះ ឈ្មោះ ថន់ រុង ក៏មិនបានឆ្លើយតបទៅវិញនោះទេ ហើយ សម្បត្តិ សម្បន្ន ក៏ត្រលប់ទៅផ្ទះវិញ ប្រហែលជា២០នាទីក្រោយមក ស្រាប់តែមានប៉ូលិសម្នាក់ ឈ្មោះ សុយ
រដ្ឋា បានទៅដល់ផ្ទះ សម្បត្តិ សម្បន្ន ហើយក៏បានទ្បើងទៅដល់លើផ្ទះ ទាញយកកាំបិត ដែល សម្បត្តិ សម្បន្ន ផ្អែកនឹងជញ្ជាំងផ្ទះ យារកកាប់ ហើយក៏បាននិយាយថា ឯងហ៊ានប្រើកាំបិតផង! ហើយក៏ទាត់ទៅជនរងគ្រោះ ចំនួន ៤ជើង ចំផ្គាម់ខាងស្តាំ បណ្តាលឲ្យជនរងគ្រោះ រងរបួសជាទម្ងន់តែម្តង ។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងតែដេកសំរាក់ព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ដោយមិនអាចហារមាត់ និយាយស្តី រឺបិរភោគអាហារ បាននៅទ្បើយទេ ។
ក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ កំពុងតែរង់ចាំមើលថា តើលោកស្នងការខេត្ត មានចំណាត់ការបែបណា ទៅលើកូនចៅ ដែលធើ្វជាសមត្ថកិច្ច ហ៊ានប្រើអំពើហិង្សា ដោយមិនចេះគិតពីច្បាប់បន្តិចសោះនៅក្នុងខ្លួននោះ ៕




































