ខេត្តព្រះវិហារឧបករណ៍ថ្មីៗសំរាប់តម្លើងរោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនចិនវិនិយោគវិស័យកសិកម្មដាំអំពៅជាង៤ម៉ឺនហិកតាលាតសន្ធឹងចំនួន៣ស្រុកជាប់គ្នារួមមានស្រុកត្បែងមានជ័យស្រុកឆែបនិងស្រុកជ័យសែនបានដឹកចូលខេត្តព្រះវិហារជាច្រើនរថយន្តសណ្តោងថែមទៀតឆ្ពោះទៅកាន់ទីតាំងឧស្សាហកម្មសាងសង់រោងចក្រនៅព្រឹកថ្ងៃទី០៩មិនា២០១៥នេះ។លោកពឹងទ្រីដាប្រធានមន្ទីកសិកម្មខេត្តព្រះវិហារកន្លងមកធ្លាប់បានអោយដឹងថាក្រុមហ៊ុនចិនវិនិយោគដីសម្បទានសេដ្ឋកិច្ចខាងវិស័យកសិកម្មដាំអំពៅមានដៃគូរួមគ្នាចំនួន៥
ក្រុមហ៊ុនវិនិយោគលើផ្ទៃដីរបស់រដ្ឋសរុបចំនួនជាង៤ម៉ឺនហិកតា។ក្រុមហ៊ុនរ៉ូយហ្វេងក្នុងចំណោមក្រុមហ៊ុនទាំង៥បានចាប់ផ្តើមការងារដាំអំពៅច្រើនខែមកហើយនិងកំពុងសាងសង់រោងចក្រផលិតស្កសមានរយះពេលជិត១ឆ្នាំគឺពេលនេះកំពុងសាងសង់បន្តនៅទ្បើយ។កម្មករខ្មែរមកពីបណ្តាខេត្តផ្សេងៗមកដាំអំពៅអោយក្រុមហ៊ុនចិនក្នុង១ថ្ងៃបានប្រាក់ឈ្នួលចំនួន២ម៉ឺនរៀល។
លោកប្រធានមន្ទីរបានបន្តទៀតថាក្រុមហ៊ុនរ៉ូយហ្វេងមានផ្ទៃដីដាំអំពៅជាង៩ពាន់ហិកតាហើយបានសំរេចការងារដាំដុះលើផ្ទៃដីជាង៤ពាន់ហិកតាគឺឈានមុខគេក្នុងចំណោមក្រុមហ៊ុនដៃគូទាំង៥។តាមរបាយការណ៍របស់ក្រុមការងារចម្រុះចុះធ្វើការជាមួយក្រុមហ៊ុនរ៉ូយហ្វេងបានអោយដឹងថាក្រុមហ៊ុនមានកម្មករខ្មែរដាំអំពៅប្រមាណ១ពាន់នាក់,តៃកុងត្រាក់ទ័រនិងតៃកុងយានយន្តផ្សេងទៀតចំនួន៤០០នាក់និងមន្ដ្រីបច្ចេកទេសដាំដុះចំនួនប្រមាណ១០០នាក់។
លោកហ៊ូគាប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តព្រះវិហារក៍ធ្លាប់បានអោយដឹងយ៉ាងខ្លីផងដែរថាក្រុមហ៊ុនរ៉ូយហ្វេងពិតជាកំពុងសាងសង់រោងចក្រផលិតស្ករសប្រាកដមែនប៉ុន្តែលោកបានថ្លែងក្នុងភាពប្រយ័ត្នប្រយែងថាកិច្ចការសាងសង់រោងចក្រនេះវាជាការងារថ្នាក់ជាតិCDCរីឯខាងលោកជាថ្នាក់ក្រោមមិនបានដឹងស៊ីជំរៅនោះទេ។លោកក៍បានដឹងដែរថាខាងក្រុមហ៊ុនចិន១នេះកំពុងដឹកជញ្ជូនឧបករណ៍បន្ថែមជាច្រើនដើម្បីតម្លើងរោងចក្រផលិតស្ករស។
តាមប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរដែនដីបានអោយដឹងថាសង្វាក់ផលិតកម្មរោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនរ៉ូយហ្វេងកំពុងសាងសង់លើទំហំផ្ទៃដីចំនួន២០០ហិកតាហើយខាងតំណាងក្រុមហ៊ុនចិនអះអាងថាសង្វាក់ផលិតកម្មស្ករសនៅខេត្តព្រះវិហារធំជាងគេបង្អស់តែ១គត់នៅអាស៊ី។ក្រុមហ៊ុនចិនដ៍ធំនេះមានសាខាផ្ទៃដីវិនិយោគដាំអំពៅនៅខេត្តក្រចេះ,កោះកុង,ពោធិ៍សាត់និងខេត្តកំពង់ស្ពឺផងដែរ។
មន្ដ្រី១រូបបានអោយដឹងថាសង្វាក់ផលិតកម្មរបស់រោងចក្រផលិតស្ករសមុនដំបូងផលិតចេញជាសារធាតុអាល់កុលបន្ទាប់មកផលិតចេញជាស្ករសនិងចុងក្រោយកាកសំណល់អំពៅរាប់ពាន់តោនផលិតចេញជាក្រដាសរ៉ាម។
មន្ដ្រីផ្សេងទៀតបានបង្ហើបអោយដឹងថានៅពេលហេដ្ឋារចនាសម្ព័ន្ធរោងចក្រដ៍ធំចាប់ផ្ដើមផលិតចេញជាស្ករសបានសម្រេចគឺទីនោះនឹងក្លាយជាតំបន់សេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយយ៉ាងសំខាន់ជួយអភិវឌ្ឃន៍កំណើនសេដ្ឋកិច្ចខេត្តព្រះវិហារអោយកាន់តែមានរីកចំរើនឆាប់រហ័ស។
មន្ដ្រីដដែលថ្លែងថាពលរដ្ឋខ្មែរប្រុសស្រីរាប់ពាន់នាក់នឹងមានការងារធ្វើជាកម្មកររោងចក្រស្ករសហើយប្រជាពលរដ្ឋរស់នៅទីនោះនឹងមានជីវភាពធូរធារតាមរយះការកសាងអភិវឌ្ឃន៍បង្កើតអោយមានទីផ្សារលក់ដូរ,សាលារៀននិងមន្ទីរពេទ្យថែមទៀត។ជាពិសេសក្រុមហ៊ុនចិនបានបណ្តុះបណ្តាលធនធានមនុស្សជាយុវជនខ្មែរប្រមាណ២០០នាក់ក្នុងនោះមានយុវជនមកពីខេត្តព្រះវិហារផងដែរអោយទៅសិក្សារៀនសូត្រអំពីចំណេះដឹងបច្ចេកទេសនៅប្រទេសរបស់ខ្លួនដើម្បីត្រៀមក្លាយខ្លួនជាបុគ្គលិករោងចក្រស្ករសឆាប់ៗនេះ៕



































