ល្បែង​អាប៉ោង​យូគី​និង​សង្វៀន​បញ្ជល់មាន់​ចាប់ផ្ដើម​បើក​លេង​ ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ក្នុង​បន្ទាយ​ទាហាន​៣៨២

0

​ខេត្តព្រះវិហារ​
​តាម​សេចក្ដីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​បន​ល្បែងស៊ីសង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​កំពុងបើក​លេង​គគ្រឹកគគ្រេង​ស្ថិតនៅក្នុង​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២​ស្ថិតនៅ​ភូមិ​បង្គោល​ប្រាំបី​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ដោយ​ទាក់ទាញ​អ្នកញៀន​ល្បែង​ខ្ទង់រយ​នាក់​ក្នុង​១​ថ្ងៃៗ​ទៅលេង​នៅ​ទីនោះ​។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា​បន​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំៗ​អាច​កើតមានទ្បើង​ដោយសារតែ​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជាមួយ​មេបន​ល្បែងស៊ីសង​ផ្ទាល់​តែម្ដង​ព្រោះ​ចង់បាន​លាភ​សក្ការ​បង់ថ្លៃ​ការពារ​សន្ដិសុខ​ក្នុង​មូលដ្ឋាន​ប្រចាំខែ​ចាប់ពី​១​លាន​រៀល​ទ្បើង​ទៅក្នុង​១​អង្គភាព​សមត្ថកិច្ច​ជា​ថ្នូ​អនុញ្ញាត​បើក​អោយ​លេង​ដោយ​សេរី​។​
​ប្រជាពលរដ្ឋ​បាន​លើកទ្បើង​ថា​អោយតែ​ឮ​កើតមាន​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​តំបន់​ពួកគាត់​រស់នៅ​ហើយ​គឺ​ពួកគាត់​នឹង​ក្លាយជា​ជនរងគ្រោះ​នៅពេល​ណាមួយ​អាច​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​សង្គម​។​ពិសេស​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទាំងយប់​ទាំង​ថ្ងៃ​ចំពោះ​ការកើតមាន​ចោរកម្ម​លួច​ឆក់​ប្លន់​ទ្រ​ព្រ​សម្បត្តិ​នៅតាម​មូលដ្ឋាន​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នកសារព័ត៌មាន​បានអោយ​ដឹងថា​បន​ល្បែងស៊ីសង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ខាងលើ​រួមមាន​យូគី​,​អាប៉ោង​និង​សង្វៀន​បញ្ជល់មាន់​ខ្នាយ​ដែក​ដែល​ក្រុម​អ្នក​ចូល​លេង​សុទ្ធ​តែមាន​ជីវភាព​ធូរធារ​មានទឹក​លុយ​ធំ​ទើប​អាច​ហ៊ាន​ចូលទៅ​លេងល្បែង​នៅ​ទីនោះ​ជាមួយនឹង​គេ​បាន​។​ល្បែងស៊ីសង​៣​ប្រភេទ​នេះ​ចាក់​ភ្នាល់​ក្នុង​ម្នាក់ៗ​រាប់រយ​ដុល្លារ​អាមេរិក​ទ្បើង​ទៅ​។​
​ប្រភពព័ត៌មាន​ដដែល​បាន​បង្ហើប​អោយដឹងថា​មេបន​ល្បែង​ឈ្មោះ​គង់​មកពី​ខេត្តកំពង់ចាម​បាន​ម៉ៅ​ការបង់​ជួល​ទីតាំង​ដើម្បី​បើក​បន​ល្បែង​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​សំរាប់​ល្បែង​យូគី​,​អាប៉ោង​និង​សង្វៀន​បញ្ជល់មាន់​។​បើ​គិត​បូកសរុប​កញ្ចប់​លុយ​ចំណាយ​បង់​អោយ​អាជ្ញាធរ​ដែនដី​ថែមទៀត​គឺ​ម្ចាស់​បន​ល្បែង​ត្រូវ​ចំណាយ​ប្រមាណ​៨​ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​ឯណោះ​។​
​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ប្រធាន​អង្គ​ភាពវរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២​បានទេ​ពាក់ព័ន្ធ​ទៅនឹង​សេចក្ដីរាយការណ៍​ព័ត៌មាន​ខាងលើនេះ​ដោយសារតែ​ខំព្យាយាម​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​របស់គាត់​មិនបាន​។​