យ៉ាងហោចណាស់មនុស្ស ១០នាក់បានបាត់បង់ជីវិត កាលពីរសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពីឧទ្ធម្ភាគចក្រ ចំនួនពីរគ្រឿង បានធ្លាក់ពីរយៈកម្ពស់មធ្យម ស្ថិតនៅខេត្ត ឡារីយ៉ូចា ភាគពាយ័ព្យប្រទេសអាហ្សង់ទីន ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី
១០ ខែមីនា បន្តទៀតថា ឧទ្ធម្ភាគចក្រ បានធ្លាក់ កាលពីវេលាម៉ោង ៥ នៅក្នុងក្រុងមួយដែលមានឈ្មោះថា ក្វេប្រាដា ឌែល យេសូ ចម្ងាយ ១.១៥០ គីឡូម៉ែត្រ ពីរដ្ឋធានី ប៊ឺណូស អារ៉ែស។ នេះជាសកម្មភាពរបស់ក្រុមហ៊ុន ទូរទស្សន៍មួយមកពីបារាំង មានឈ្មោះ Praia Rosa ធ្វើការផលិតខ្សែភាពយន្តអំពីឯកសារ ទាក់ទាញវិស័យទេសចរណ៍ និង កម្មវិធីនៃការតស៊ូដើម្បីជីវិតរស់។
ទីភ្នាក់ងារព័ត៌មានអាហ្សង់ទីន តេឡាម បានអះអាងថា ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុង ចំណោម ពីរគ្រឿង នោះ គឺមកពីរដ្ឋបាលខេត្ត ហើយមួយគ្រឿងផ្សេងទៀត គឺជាក្រុមអ្នករៀបចំកម្មវិធី ប្រកួតដើម្បី ជីវិតរបស់ទូរទស្សន៍អន្តរជាតិខាងលើនេះ។ វាត្រូវបានថត សម្រាប់ឆ្នាំទីបីហើយ ស្ថិតនៅតំបន់ កាស្ទេលី វីឡា ដែលប្រជាជនបារាំងជាច្រើនកំពុងតែធ្វើដំណើរទេសចរណ៍។
សម្រាប់គ្រោះថ្នាក់ត្រូវបានគេអះអាងថា កើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រទាំងពីរនោះ ព្យាយាម ហោះកៀកនឹងតំបន់ខ្ពង់រាប នៃ កាស្ទេលី វីឡា ស្ថិតនៅខេត្ត ឡារីយ៉ូចា។ ភាគច្រើន នៃអ្នកស្លាប់នោះ គឺជាជនជាតិបារាំង ហើយដោយឡែកមូលហេតុនៃការធ្លាក់ត្រូវបានគ្រប់គ្នា មើលឃើញថា បណ្តាល មកពីការបញ្ជាឧទ្ធម្ភាគចក្រទៅកាន់កន្លែងដែលមានគ្រោះថ្នាក់ ទើបមិនអាចគ្រប់គ្រងស្ថាន ការណ៍បានទាន់ពេលវេលា៕