ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ទឹកល្អក់៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាព លួចទូរស័ព្ទដៃ របស់នារីម្នាក់ ខណៈនារីរងគ្រោះបានទុកទូរស័ព្ទក្នុងការបូបដៃនៅក្នុងផ្ទះរួចចូលទៅបន្ទុបទឹកហើយចេញមកវិញស្រាប់តែឃើញជនសង្ស័យ២នាក់ដើរចេញពីរបស់ខ្លួនហើយក៏ក្រលេខមើលការបូបបាត់ ក៏ស្រែកឆោឡោ ប្រជាពលរដ្ឋជួយអន្តរាគមន៍ចាប់បានប្រគល់អោយសមត្ថកិច្ចតែម្ដង។ ហេតុការណ៍ ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក ។
សមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុខពេលកើតហេតុ ជនរងគ្រោះ ជាជាងកាត់ដេរនៅផ្ទះរបស់ខ្លួន បានទុកទូរស័ព្ទក្នុងការបូបដៃនៅក្នុងផ្ទះរួចចូលទៅបន្ទុបទឹកហើយ ស្របពេលជាមួគ្នានោះដែរជនសង្ស័យ២នាក់ក៏បានជិះមកតាមបណ្ដោយផ្លូវលេខ២៥៣ ដល់ចំណុចផ្ទះជនរងគ្រោះក៏ឃើញជនរងគ្រោះដើរចូលទៅក្នុងបន្ទុបទឹក ក៏បានចូលទៅលួចទូរស័ព្ទ ដៃមា៉ក”សាមសុង”មួយគ្រឿង ពេលនោះជនរងគ្រោះចេញមកវិញស្រាប់តែឃើញជនសង្ស័យ២នាក់
ដើរចេញពីផ្ទះរបស់ខ្លួនហើយឡើងជិះកង់ព្យាយាមគេចខ្លួន នោះជនរងគ្រោះក៏ស្រែកឆោឡោ ប្រជាពលរដ្ឋជួយអន្តរាគមន៍ ហើយជនសង្ស័យភ័យស្លន់ស្លោក៏បានផ្ដួលកង់ចោលហើយរត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យ មានឈ្មោះ សុខ វាសនា ហៅ ទូច ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ និង ជនសង្ស័យម្នាក់ទៀតមាន ឈ្មោះ គង់ ផានិត ភេទស្រីអាយុ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ ផេង ធារី ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ២៥៣ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរ ជាជាងកាត់ដេរសំលៀកបំពាក់នៅផ្ទះកើតហេតុខាងលើ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យដែលឃាត់ខ្លួនបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ផងដែរទ្រព្យសម្បត្តិ ដែលដកហូតបាន ត្រូវសមត្ថកិច្ចប្រគល់ ទៅអោយជនរងគ្រោះវិញ ៕



































