ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ខណៈដែលជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកចំពីមុខរថយន្តស្ទូចកំពុងវ៉ារថយន្តស្រាបៀអង្គរមួយគ្រឿងមិនទាន់ផុត។ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចមុខវិទ្យាល័យ ច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តស្រាបៀអង្គរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9172 ធ្វើដំណើរតាមបណ្ដោយ
ផ្លូវជាតិលេខ១ ទិសដៅពីលិច ទៅកើត មកដល់ចំណុចកើតហេតុក៏មានរថយន្តកូរ៉េមួយគ្រឿងប្រភេទស្ទូច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-8817 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយរថយន្តស្រាបៀអង្គរក៏បានព្យាយាមវ៉ារថយន្ត សាបៀរអង្គរ ប៉ុន្តែ វ៉ាមិនទាន់ផុតផង ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1U-8933
ធ្វើដំណើរយ៉ាងលឿនមកពីមុខក៏បុករថយន្តស្ទូចចំពីមុខពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់បែកក្បាលឈាមស្រោចពេញមុខ ចំណែករថយន្តស្ទូចខំបួងចង្កូតគេច មកស្ដាំអោយផុតដែរតែមិនផុតក៏ប៉ះនិងរថយន្តស្រាបៀអង្គររងការខូចខាតផងដែរ។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនតាមរថយន្តសាមុយទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕



































