ភ្នំពេញ៖បុរសម្នាក់បានរងបួសធ្ងន់បែកមុខបែកមាត់ហូរឈាមស្រោចខ្លួននិងម្នាក់ទៀតរងរបួស ស្រាលនៅលើបណ្តោយផ្លូវជាតិលេខ៤នៅក្នុងគ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូឌ្រីមសេ១២៥សេរី ឆ្នាំ២០០៦ ជិះដោយបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានបត់ឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយ និងម៉ូតូឌ្រីមសេ១២៥សេរីឆ្នាំ២០០៨ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ចំពីមុខ ពេញទំហឹងចំណែកម៉ូតូរងការខូចខាតទាំងសងខាង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង7យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នក រត់ម៉ូតូឌុបជិះម៉ូតូឌ្រីមសេ១២៥សេរីឆ្នាំ២០០៦ពណ៌ខ្មៅមួគ្រឿងពាក់ស្លាកលេខតាកែវ 1A-5596 ជិះក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបញ្ច្រាសទិសតាមបណ្តោយផ្លូវជាតិលេច៤ទើបតែ ចេញពីឌុបមួយយកទៅដាក់ផ្ទះលុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្លងផ្លូវ
ដោយមិនប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយនិងម៉ូតូឌ្រីមសេ១២៥សេរីឆ្នាំ២០០៨មួយគ្រឿងពណ៌ខ្មៅមិនមានស្លាកលេខជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនវាក់ចាប់ហ្វ្រាំងមិនទាន់បុកចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូឌ្រីមសេ១២៥ឆ្នាំ២០០៨រងរបួសធ្ងន់បែកមុខបែកមាត់ហូរឈាមស្រោចខ្លូននិងភាគីខាងម៉ូតូបង្ករងរបួសស្រាលបែកចញ្ចើមខាងស្តាំ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកភាគីបង្កនិងម៉ូតូឌ្រីមសេ១២៥ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



































