ទីផ្សាសំខាន់របស់រុស្ស៊ីនៅតំបន់អឺរ៉ុបអាមេរិកកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែវិវាទនៅក្នុងប្រទេសអ៊ុយក្រែននិងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ។ ប៉ុន្តែរុស្ស៊ីនៅមានទីផ្សាដ៏សំខាន់ក្នុងតំបន់អាស៊ី ក្នុងនោះមានចិន បាគីស្ថាននិងឥណ្ឌា ក៏ដូចជាប្រទេសតំបន់អាស៊ីភាគអាគ្នេហ៍។
បច្ចុប្បទីផ្សាសព្វាវុធរបស់រុស្ស៊ីកំពុងតែវាយលុកនៅអាស៊ី បើទោះបីចំនួនលក់សព្វាវុធរបស់រុស្ស៊ីនៅមានតិចជាងអាមេរិកក៏ដោយ។ ទីផ្សាសព្វាវុធរបស់រុស្ស៊ីនៅតែពេញនិយមចំពោះប្រទេសក្នុងតំបន់អាស៊ីដដែល។ ទាំងនោះហើយបើទោះបីរុស្ស៊ីរងការដាក់ទណ្ឌកម្មបន្ថែមប្រទេសលោកខាងលិច ក៏នៅតែមិនអាចធ្វើឲ្យរុស្ស៊ីស្ថិតនៅឯកោនោះដែរ ដោយមានទីកន្លែងផ្សេងចំនួសវិញ។
នៅពេលនេះបណ្តាប្រទេសនៅអឺរ៉ុប កំពុងគិតគូរពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចនិងការទូត ប្រឆាំងរុស្ស៊ី ព្រោះសំណុំរឿងអ៊ុយក្រែន ប្រទេសចិនវិញ បានប្រកាសនៅថ្ងៃអាទិត្យនេះ សន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ូស្គូ។ សម្រាប់ប៉េកាំង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី គឺជា “ការចាំបាច់” របស់ប្រទេសទាំងពីរ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី
ការបរទេសចិន ក្នុងសន្និសិទកាសែត នាឱកាសប្រជុំសភាប្រជាជនប្រចាំ នៅទីក្រុងប៉េកាំង។
នៅក្នុងសន្និសីទកាសែតនាពេលកន្លងមក រដ្ឋមន្ត្រីការបរទេសចិនបានលេចចេញពាក្យសម្តីមួយមាត់ថា វាជាការចាំបាច់ណាស់ នៅក្នុងទំនាក់ទំនងជាមួយរុស្ស៊ីលើគ្រប់វិស័យ ។ កិច្ចសហប្រតិបត្តិការ ចិននិងរុស្ស៊ី ជាកិច្ចសហប្រតិបត្តិការដែលត្រូវកាល ដែលចាំបាច់
សម្រាប់ភាគីទាំងសងខាង ព្រោះបានផ្តល់ប្រយោជន៍ល្អ ដល់គ្នាទៅវិញទៅមក ! នេះបើយើងប្រើតាមភាសារបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ង់ យី (Wang Yi)។ ពាក្យថាចាំបាច់ ជាបឋមគឺការផ្តល់លទ្ធផលផ្នែកសេដ្ឋកិច្ច។ ចិននិងរុស្ស៊ី ចង់ធ្វើការរួមគ្នាដើម្បីបង្កើនទំហំផ្តោះប្តូរពាណិជ្ជកម្ម ឱ្យលើស ១០០ពាន់លានដុល្លារ (ឆ្នាំ២០១៤ បានឡើងដល់៩៤,៥ពាន់លានដុល្លាររួចហើយ)។
ម្យ៉ាងទៀត ប៉េកាំងនិងម៉ូស្គូ ត្រូវតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ចាំបាច់ ផ្នែកយុទ្ធសាស្ត្រ។ សម្រាប់ថ្នាក់ដឹកនាំចិន ចិននិងរុស្ស៊ីមានតួនាទី ជាអ្នករក្សាសន្តិភាពនិងសន្តិសុខពិភពលោក។ ដូច្នេះ ក្នុងនាមជាប្រទេសដែលមានប្រពៃណីធ្លាប់គាំទ្ររុស្ស៊ី នៅអង្គការសហប្រជាជាតិ នៅក្រុមប្រឹក្សាសន្តិសុខ (ជាសមាជិកអចិន្ត្រៃយ៍ដូចគ្នា) ចិនត្រូវធ្វើខ្លួនជាមិត្តល្អ ចេះជួយគ្នាក្នុងគ្រាក្រ!
រុស្ស៊ីរងទណ្ឌកម្មពីបស្ចឹមលោក ព្រោះវិបត្តិអ៊ុយក្រែនផង តម្លៃប្រេងឆៅបានធ្លាក់ដាំក្បាលចុះទៀត សេដ្ឋកិច្ចរុស្ស៊ី ត្រូវរងគ្រោះខ្លាំង។ ប៉ុន្តែទំនាក់ទំនងចិនរុស្ស៊ី ទាំងផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុបានប្រសើរឡើងជានិច្ច ! ចិនស្វែងរកប្រភពថាមពលបំរុង និងលាតសន្ធឹងទីផ្សារ ឱ្យកាន់តែទូលាយ។ គ្រាន់តែមួយឆ្នាំកន្លងទៅសោះ ចិននិងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដល់ទៅជាង៣០ ក្នុងវិស័យប្រេង ទូរគមនាគមន៍ ឬសាងសង់ផ្លូវដែក។
កិច្ចព្រមព្រៀងឧស្ម័នទំហំ ៤០០ពាន់លានដុល្លារដែលចរចាអស់ពេលជាង១០ឆ្នាំ ក៏ទើបសម្រេចចុះហត្ថលេខាកាលពីខែឧសភាឆ្នាំទៅ … ក្នុងមួយឆ្នាំ២០១៤ ប្រធានាធិបតីចិននិងរុស្ស៊ី បានជួបគ្នាមិនតិចជាង៥ដងទេ។ សឹងនិយាយបានថា នៅពេលដែលទំនាក់ទំនងជាមួយបស្ចឹមលោក សហរដ្ឋអាមេរិក តានតឹង មិនថាដោយមូលហេតុនយោបាយឬសេដ្ឋកិច្ច តែងតែបានបង្ខិត ចិននិងរុស្ស៊ី ឱ្យចូលជិតគ្នាកាន់តែកៀក។
អតីតគូសត្រូវនឹងគ្នា ក្នុងសម័យសង្គ្រាមត្រជាក់ ដឹងថាត្រូវការគ្នាទៅវិញទៅមក ជាចាំបាច់ បើចង់ ក្លាយជាដៃគូយុទ្ធសាស្ត្រ មានឥទ្ធិពលក៏កាន់ខ្ទរខ្ទារលើឆាកអន្តរជាតិ។
ចិនទាមទារចង់គ្រប់គ្រង ៩០%នៃដែនទឹកនៅសមុទ្ទចិនខាងត្បូង តែវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ក៏ចង់បានចំណែកគ្រប់គងតំបន់ដែនទឹកដែលប្រកបដោយធនធានធម្មជាតិ និងរ៉ែឧស្ម័នក្រោមដី ព្រមទាំងជាផ្លូវចរាចរណ៍នាវាអន្តរជាតិ នេះដែរ។
បើបានរូបភាពផ្កាយរណប ចិន បានផ្តើម ការដ្ឋាននិងបង្កើនសកម្មភាពសាងសង់ មួយជាប្រាំ នៅតាមកូនកោះត្រង់តំបន់ប្រជុំកោះស្ព្រាតលី។ ចិនបានទទួលស្គាល់ថាមានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនេះ មែន ព្រោះជា ការចាំបាច់! នេះបើតាមសម្តីរបស់លោក វ៉ង់ យី រដ្ឋមន្ត្រីការបរទេសចិន ដែលអះអាងថា ជាការងារដែលគ្មានប៉ះពាល់ដល់ភាគី ឬប្រទេសផ្សេងទេ។ ចិនមិនដូចជាប្រទេសខ្លះ (ប្រទេសដែលមានពាក់ព័ន្ធក្នុងជម្លោះ) ដែលសាងសង់ដោយខុសច្បាប់លើដីរបស់គេឡើយ ដូច្នេះចិនមិនទទួលយកសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានទេ។
នយោបាយដាច់ខាតរបស់ចិនទាក់ទងនឹងជម្លោះដែនទឹកនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ជប៉ុន ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់មានជម្លោះជាមួយចិនព្រួយបារម្ភ អំពីមហិច្ឆតារបស់ប៉េកាំង ចេញច្បាប់តែម្នាក់ឯង មិនខ្វល់នឹងច្បាប់អន្តរជាតិ។ ប្រទេសខ្លះបានស្វែងរកការពារពីសហរដ្ឋអាមេរិកផង បើទោះជាធ្លាប់ជាសត្រូវចាស់ក៏ដោយ។ ប៉ុន្តែ សម្រាប់ចិនវិញ ចិនមិនចង់ឃើញអាមេរិកលូកលាន់ច្រើននៅអាស៊ីទេ។ នយោបាយផ្តល់អាទិភាពដល់តំបន់អាស៊ី របស់លោកអូបាម៉ា ត្រូវបានចិនយល់ជាការគំរាមកំហែងចិនផ្ទាល់។
ហេតុដូច្នេះហើយបានចិនចាំបាច់ត្រូវសហការជាមួយរុស្ស៊ី ដើម្បីបង្ហាញកម្លាំងរួម។ ធ្វើសមយុទ្ធរួមជាមួយរុស្ស៊ី ក្នុងសមុទ្ទចិនខាងត្បូង បង្កើនកញ្ចប់ថវិកាយោធាជារៀងរាល់ឆ្នាំ។ ព្រោះអ្វី ? ព្រោះតែចិនចង់តាំងខ្លាំងជាអ្នកមានសិទ្ធិ មានអំណាចម្នាក់ នៅប៉ាស៊ីហ្វិក។
ចិននិងរុស្ស៊ី គេអាចចាត់ទុកថាជាដៃគូមិនអាចខ្វះគ្នាបាននៅក្នុងនៅលើគ្រប់វិស័យ ពិសេសគីកិច្ចការបរទេស ប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់នៅលើពិភពលោក ដូចជាបក្សប្រឆាំងមួយសម្រាប់ប្រឆាំងទៅនឹងសកម្មភាពរបស់អាមេរិកនិងបក្សពួកដែលធ្វើមិនគាប់បីទៅលើប្រទេសមួយចំនួន ដែលជាក្រុមប្រឆាំងអាមេរិកដូចគ្នា៕