សៀមរាប : នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នេះនៅសាលប្រជុំសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបើកកិច្ចប្រជុំក្រុមការងារ ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង ស៊ីតាតសុគន្ធារី ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្ម ផងដែរ។
លោកជំទាវ អ៊ឹង ស៊ីតាតសុគន្ធារី បានមានប្រសាសន៍នៅក្នុងអង្គជុំថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីយើងទាំងអស់គ្នារិះរកនូវគ្រប់មធ្យោបាយនិងវិធីសាស្ត្រល្អៗបន្ថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួនម្នាក់ៗ ដើម្បីចូលរួមការអភិវឌ្ឍន៍លើវិស័យឯកជន ។
លោកជំទាវបានបន្តថា សភាពាណិជ្ជកម្មមានភារកិច្ចដូចជាៈ -ធ្វើការទំនាក់ទំនងជាមួយ នឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។ -បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅ ដូចជា ការរៀបចំផ្សព្វផ្សាយនូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវ ពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការលើកតម្កើងផ្នែកទេសចរណ៍ ។
-ផ្ដល់ជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្រុង នូវយោបល់ និងព័ត៌មានទាំងឡាយស្ដីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ។-ដើរតួនាទីជាអ្នកតំណាងសហគមន៍ពាណិជ្ចកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម សម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច ។ -ធានារ៉ាប់រងនូវការគ្រប់គ្រងសេវា ធានា និងអនុវត្តការងារចាំបាច់ដែលជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន ។
-ដើរតួជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មផងដែរ ។ លោកជំទាវ អ៊ឹង ស៊ីតាតសុគន្ធារី ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍បូកសរុប និងធ្វើការសំណូមពរ ឲ្យសមាជិក សមាជិកាទាំងអស់បន្តគាំទ្រសភាពិជ្ជកម្មបន្តទៀត ជាពិសេសជួយផ្ដល់នូវមតិយោបល់ល្អឲ្យបានច្រើន ដើម្បីការអនុវត្តន៍ការងាររបស់សភាពាណិជ្ជកម្មកាន់តែមានភាពរីកចម្រើនជាលំដាប់ ។
លោកជំទាវបានបញ្ជាក់ថា ដើម្បីឲ្យការងារទាំងឡាយបានដំណើរការទៅដោយរលូនតាមការគ្រោងទុកលុះត្រាតែយើងទាំងអស់គ្នាជាសមាជិក សមាជិកា ចេះសហការគ្នា រួបរួមសាមគ្គីភាពរវាងគ្នានិងគ្នាអនុវត្តការងារ ទៅវិញទៅមកផងដែរ ទើបសភាពាណិជ្ជកម្មអាចទទួលបាននូវលិទ្ធផលប្រកបដោយតម្លាភាព។
លោកជំទាវ បានសង្ឃឹមជឿជាក់ថា សមាជិក សមាជិកាសភាពាណិជ្ជម្មទាំងអស់ នឹងសម្រេចបាននូវលទ្ធផលការងារដែលបានរំពឹងទុក និងទិសដៅ ជម្រុញ និងផ្សព្វផ្សាយពីសកម្មភាពសភាពាណិជ្ជកម្មជូនអាជីវករ ពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ ដើម្បីបង្កើនសមាជិកសាមញ្ញ ដែលជាកម្លាំងសម្រាប់សភាពាណិជ្ជកម្មអាណត្តិក្រោយៗទៀត ផងដែរ៕ ដោយ លោក ខេង ខេមរា