រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ូអេឡា លោកស្រីDelcy Rodriguez កាលពីថ្ងៃទី១១ខែមីនាបានប្រមានថា អាមេរិកកំពុងតែបង្កើតបញ្ហាជាមួយប្រទេសនេះដើម្បីបើកការវាយប្រហារដូចដែលបានធ្វើទៅលើប្រទេសផ្សេងទៀតនៅលើពិភពលោករយពេលកន្លងមក។
ឆ្លើយតប់ទៅនឹងបទសម្ភាសន៍របស់បណ្តាញទូរទស្សលោកស្រីDelcy Rodriguez បញ្ចាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាមាកំពុងតែស្វែងរកវិធីសាស្ត្រទៅតាមផ្លូវច្បាប់ដើម្បីបើការវាយប្រហារទៅលើប្រទេស សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ខ្លួន។
លោកស្រី Delcy Rodriguez បន្តទៀតថា ការដែលសេតវិមានស្នើដល់រដ្ឋសភាផ្តាល់សិទ្ធឲ្យបានច្រើនជាងនេះដើម្បីបោសសម្អាតក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅគ្រប់ទីកន្លែងលើពិភពលោក។ ទាំងនោះហើយជាហេតុផល អាចធ្វើឲ្យអាមេរិកបើកការវាយប្រហារទៅលើប្រទេសវេណេហ្ស៊ូអេឡា ឬក៏ប្រទេសណាមួយនៅជុំវិញពិភពលោក។
លោកស្រី Delcy Rodriguez ក៏បានអំពាវនាវឲ្យពលរដ្ឋវេណេហ្ស៊ូអេឡា ត្រៀមលក្ខណ ទប់ទលនឹងហេតុការអាក្រក់ដែលអាចកើតឡើងនៅពេលដែលអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសនេះ ដូចអ្វីដែលធ្លាប់បានធ្វើទៅលើប្រទេសគុយបាកាលពី៥០ឆ្នាំមុន។
កន្លងមកថ្មីៗ រដ្ឋាភិបាលប្រទេសជាច្រើននៅតំបន់អាមេរិកឡាទីន បានប្រឆាំងទៅនឹងការប្រកាសរបស់ប្រធានាធិបតីអាមរិកលោកបារ៉ាក់អូបាម៉ា ប្រឆាំងទៅនឹងប្រទេសវេណេហ្ស៊ូអេឡា ។ សកម្មភាពខាងលើនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ នឹងជាហេតុអាចជំរុញឲ្យអាមេរិកចាប់ផ្តើមច្រៀតច្រេកដោយយោធាទៅលើប្រទេសនេះ។
កាលពីថ្ងៃទី៩មីនា ប្រធានាធិបតីអាមេរិកបានចេញសេចក្តីប្រកាសចាត់ទុកប្រទេសវេណេហ្ស៊ូអេឡា ជាការគម្រាមកំហែងដល់សន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់អាមេរិក ។ លោកអូបាម៉ាក៏បានប្រកាស់ដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់៧រូបរបស់ប្រទេសវេណេហ្ស៊ូអេឡាផងដែរ។
ក្នុងពេលជាមួយគ្នានេះមេដឹកនាំបដិវត្តិប្រជាជនគុយបាលោកFidel Castro បានអបអរសាទរដល់ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកNicolas Maduro ថាមានភាពក្លាហាន ហានថ្កោលទោសចំៗទៅលើរដ្ឋាភិបាលអាមេរិកដែលមានចេតនាអាក្រក់មកលើរដ្ឋាភិបាលរបស់លោក។លើសពីនេះទៅទៀតប្រធានាធិបតីវេណេហ្ស៊ូអេឡាក៏បានស្នើរដល់សភាផ្តាល់សិទ្ធិពិសេស ក្នុងការសម្រេចទៅលើសន្តិសុខជាតិក្នុងពេលដែលកំពុងរងការគម្រាមកំហែង។ សិទ្ធនោះលោកអាចនឹងប្រើប្រាស់កម្លាំងទ័ពដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភាឡើយ៕