ប្រជាពលរដ្ឋ ចំនួន ១៤៧៨គ្រួសារ នៅសង្កាត់បឹងទំពុន ខណ្ឌមានជយ័បានទទួលប័ណ្ណ កម្មសិទិ្ធដីធ្លី ស្របច្បាប់ ប្រជាពលរដ្ឋចំនួន ១៤៧៨គ្រួសារ រស់នៅក្នុងភូមិក្បាលទំនប់ ក្បាលទំនប់ទី១ និងក្បាលទំនប់ទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលប័ណ្ណកម្មសិទិ្ធដីធ្លី ពីកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តដំបូកខ្ពស់ ក្រោមវត្តមានលោក ជ្រាង សុផាន់ អភិបាលរង រាជធានីភ្នំពេញ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីជំនាញ និង ប្រជាពលរដ្ឋប្រមាណ២០០នាក់ ។
ការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធ ជាវិធីសាស្ត្រមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់ មានប្រសិទ្ធភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី ។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានអោយរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និង ផ្តល់លក្ខណ:ងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ ។
ម្យ៉ាងទៀត គឺជាការរួម ចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរនភាព ។ លោកគួច ចំរើន អភិបាល ខណ្ឌមានជ័យ បានមានប្រសាសន៏ថា បណ្ណ័កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដី នីមួយៗ ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណ ឲ្យបានល្អ និងមានសុវត្ថិភាពបំផុត ។ ជាពិសេសនោះ សូមបងប្អូន កុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះ ទៅចុះបញ្ជីបន្ត ៕